ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀង ប្រទេសឡាវ
វៀងចន្ទន៍៖ បើតាមនាយករដ្ឋមន្ត្រីអូស្ត្រាលី អះអាងនៅថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់បានស្លាប់ បន្ទាប់ពីពុលស្រានៅទីក្រុងវ៉ាងវៀងនៃប្រទេសឡាវ ខណៈចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុពុលស្រានៅឡាវនេះ បានកើនឡើងដល់៤នាក់ ដោយអ្នក ស្លាប់ បី នាក់ ផ្សេង ទៀត ត្រូវ បាន គេ ជឿ ថា ជា ពលរដ្ឋ ដាណឺម៉ាក ពីរ នាក់ និង ជនជាតិ អាម៉េរិក ម្នាក់។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បាណេស បានប្រាប់សភាថា ក្មេងស្រីវ័យជំទង់ឈ្មោះ បៀនកា ចូណេស (Bianca Jones) អាយុ១៩ឆ្នាំ បានស្លាប់ បន្ទាប់ពីពុលស្រានៅឡាវ។
គួររំឭកថា មុនផុតដង្ហើម យុវនារីនេះត្រូវបានជម្លៀសចេញពីប្រទេសឡាវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ខណៈមិត្តភក្តិម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ លោក អាល់បាណេស បានប្រាប់សមាជិកសភាថា៖«នេះគឺជាការព្រួយបារម្ភខ្លាំងបំផុតរបស់ឪពុកម្តាយគ្រប់រូប និងជាសុបិនដ៏អាក្រក់ដែលគ្រប់គ្នាមិនចង់ឃើញ»។
គួររំឭកថា ស្ត្រី អូស្ត្រាលី ទាំង ២ នាក់ បាន ធ្លាក់ខ្លួន ឈឺ កាលពី ថ្ងៃ ទី ១៣ ខែវិច្ឆិកា បន្ទាប់ ពី ផឹកស៊ី ជាមួយគ្នានៅពេលរាត្រីមួយ។ ពួកគេត្រូវបានគេជឿថា បានផឹកស្រាដែលមានជាតិមេតាណុលខ្ពស់។ យោងតាមរបាយការណ៍របស់ The Age ស្ត្រីទាំងពីរនាក់បានស្នាក់នៅសណ្ឋាគារ Nana Backpacker Hostel អំឡុងពេលធ្វើដំណើរកម្សាន្តរបស់ពួកគេ។ អ្នកគ្រប់គ្រងសណ្ឋាគារ លោក ដួង ឌុចទ័ន (Duong Duc Toan) បានឱ្យដឹងកាលពីថ្ងៃអង្គារថា ស្ត្រីទាំងពីរនាក់មិនស្រួលខ្លួន រួចសេវាកម្មសណ្ឋាគារបានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ។
រដ្ឋាភិបាលអូស្ត្រាលី បានកត់សម្គាល់ឃើញថា ជនបរទេសជាច្រើននាក់បានធ្លាក់ខ្លួនរងគ្រោះដោយការពុលមេតាណុលក្នុងប្រទេសឡាវក្នុងខែនេះ បន្ទាប់ពីផឹកស្រាឡាវ ខណៈរដ្ឋធានីកង់ប៉េរ៉ា បានណែនាំពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នពេលផឹកស៊ីនៅទីនោះ។ ជាចុងក្រោយ សារព័ត៌មាន ABC News បានចុះផ្សាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ផ្សេងទៀត ត្រូវបានគេជឿថា បានធ្លាក់ខ្លួនឈឺផងដែរ បន្ទាប់ពីផឹកស្រានៅក្រុងវ៉ាងវៀងនៃប្រទេសឡាវ៕