នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងពាក់ព័ន្ធ ពិនិត្យមើលការរៀបចំផ្គត់ផ្គង់ហ្គាស នៅតាមបណ្ដាអាគារខ្ពស់ៗ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យមើលការរៀបចំផ្គត់ផ្គង់ហ្គាសនៅតាមបណ្ដាអាគារខ្ពស់ៗ ដើម្បីបញ្ចៀសហានិភ័យកើតមានឡើងជាយថាហេតុ ខណៈនៅបណ្ដាប្រទេសអភិវឌ្ឍមួយចំនួនបានកើតមានករណីនេះរួចហើយ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២១ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យមានការសិក្សានីតិវិធី និងវិធាននានា ដើម្បីគ្រប់គ្រងសុវត្ថិភាពនៅតាមអគារទំនើបៗ ដែលបំពាក់ដោយបំពង់ឧស្ម័នហ្គាស ប្រើរួមគ្នាគ្រប់បន្ទប់នៅក្នុងអគារទាំងមូល ដើម្បីបញ្ចៀសមហន្តរាយណាមួយ ដែលកើតមានពីការលេចធ្លាយឧស្ម័នហ្គាស ឬ បច្ចេកទេសជួសជុល តភ្ជាប់បំពង់ ៕