សម្តេចតេជោ៖ បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យ និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ កម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី
ភ្នំពេញ៖ ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ នោះកម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានរំលេចថា គេបង្កើតសង្គ្រាមនៅកម្ពុជា គេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក្រោយមកគេជំរុញឱ្យយើងកាត់ទោសខ្មែរក្រហម ដោយមិនគិតពីការធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីរបស់កម្ពុជានោះឡើយ។
សម្ដេចតេជោ ប្រធានគណបក្ស បានរំលឹកឱ្យដឹងថា សម្ដេចបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្ដេចសុខចិត្តឱ្យតុលាការអន្តរជាតិ ដើម្បីកាត់ទោសខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមជាថ្មីនោះឡើយ ៕