សម្ដេចធិបតី៖ ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបាន ២៦ឆ្នាំមកនេះ ក្រើនរំលឹកឱ្យឃើញពីទំហំនៃអត្ថប្រយោជន៍ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងថា ផលលាភនៃសន្ដិភាព ដែលកម្ពុជាទទួលបាន២៦ឆ្នាំមកនេះ បង្ហាញពីអត្ថប្រយោជន៍នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសអញ្ជើញ បើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ ក្រើនរំលឹកឱ្យឃើញអំពីទំហំនៃអត្ថប្រយោជន៍ដែលយើងទទួលបាន តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន»។
សម្ដេចធិបតី មានប្រសាសន៍ថា ដោយមានផ្លែផ្កានៃសន្តិភាពបែបនេះ បានជំរុញឱ្យកម្ពុជាកាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឲ្យមានឆន្ទៈ ក្នុងការរួមចំណែកដល់ការដោះស្រាយជម្លោះដែលកំពុងបន្តកើតមានឡើង នៅជុំវិញពិភពលោក រាប់តាំងពី មីយ៉ាន់ម៉ា រហូតដល់អ៊ុយក្រែន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។
សម្ដេចបន្ថែមថា អ្នកនយោបាយគ្រប់រូប គួរមានការទទួលខុសត្រូវខ្ពស់បំផុតចំពោះសន្តិភាព ជាពិសេសសន្តិភាពមិនគួរជាអាទិភាពបន្ទាប់បន្សំ ទាបជាងការស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត ឬការសម្រេច គោលដៅមនោគមវិជ្ជាជាក់លាក់ណាមួយនោះទេ។
សម្ដចធិបតី លើកឡើងថា ប្រទេសនីមួយៗគួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬចុងក្រោយ ឈាន ដល់ការផ្លាស់ប្តូររបបដោយមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យ ៕