រដ្ឋមន្ត្រីក្រសួងរ៉ែ៖ វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារ សម្រាប់ឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤នេះ។
ការបញ្ជាក់បែបនេះ របស់ឯកឧត្តម កែវ រតនៈ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា វិស័យរ៉ែបានធ្វើវិភាគទាន ជាចំណូលមិនមែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលត្រូវជាប្រមាណ ១៧០% ធៀបឆ្នាំ២០២៣ ឬប្រមាណ ១៥០% នៃផែនការក្នុងច្បាប់ថវិកា ឆ្នាំ២០២៤។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា តាមការប៉ាន់ស្មាន ចំណូលសារពើពន្ធនៃអាជីវកម្មរ៉ែមាស អាចបានប្រមាណជិត ៣១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ ដោយឡែក ចំណូលពីអាករលើការនាំចេញផលិតផលគ្រប់ប្រភេទ បានប្រមាណ ៣១.៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងអាចកើនដល់ប្រមាណ ៦១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ តាមការព្យាករណ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបានកាត់បន្ថយភាពសាំញ៉ាំ និងបង្កើតទីលានប្រកួតប្រជែងមួយ ដែលមានលក្ខណៈស្មើភាព ដោយយកច្បាប់ និងគោលការណ៍ជាគោល។
ឯកឧត្តម កែវ រតនៈ បានឲ្យដឹងថា ក្រសួងបានផ្តោតការយកចិត្តទុកដាក់បន្ថែម លើការធ្វើឱ្យមានតុល្យភាពជាងមុន ក្នុងការអភិវឌ្ឍវិស័យរ៉ែ និងការអភិរក្សធនធានធម្មជាតិ ដែលមានលក្ខណៈជាមរតកប្រវត្តិសាស្ត្រ និងវប្បធម៌របស់ជាតិ។
ក្រសួងរ៉ែ ក៏បានបង្កើនការផ្តល់អត្ថប្រយោជន៍នានា ដល់សហគមន៍មូលដ្ឋាន ដែលមានទីតាំងជាប់ការដ្ឋានរ៉ែ ជាក់ស្តែងក្នុងឆ្នាំ២០២៣-២០២៤នេះ ក្រសួងបានប្រើប្រាស់មូលនិធីរ៉ែ សម្រាប់ការកសាងហេដ្ឋា រចនាសម្ព័ន្ធនានា ដូចជាស្ថាបនាសាលារៀន ផ្លូវ ស្រះ -ល- ចំនួន៤២គម្រោង ក្នុងទឹកប្រាក់សរុបចំនួនប្រមាណ ៣.២៨លានដុល្លារអាមេរិក ៕