កម្ពុជារៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, រដ្ឋលេខាធិការ ក្រសួងកសិកម្ម, សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និងក្រុមហ៊ុនមីរ៉ាត់ (Mirarth) បានរៀបចំប្រារព្ធពិធីនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបលើកដំបូងរបស់ខ្លួន ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ។
លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបរបស់ក្រុមហ៊ុនមីរ៉ាត់ (Mirarth) ពុំមែនជាការកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ស្របតាមគោលនយោបាយជាតិ ស្តីពីដំណាំស្វាយចន្ទី ឆ្នាំ២០២២-២០២៧ របស់ប្រមុខរាជរដ្ឋាភិបាល លើយុទ្ធសាស្ត្រចំនួន៣ រួមមាន៖ ការផលិត ការកែច្នៃ និងការនាំចេញ។ ថ្ងៃនេះ ជាពេលវេលាដ៏វិសេសមួយ ដែលប្រទេសកម្ពុជា និយាយជារួម និងជាមោទកភាពសម្រាប់ខេត្តកំពង់ធំ និយាយដោយឡែក ដែលបាននាំចេញគ្រាប់ស្វាយចន្ទីទៅសហគមន៍អឺរ៉ុបជាលើកដំបូង គួរជាទីមោទនៈបំផុត។
លោកអភិបាលរងខេត្ត គូសបញ្ជាក់បន្ថែមថា ការជំរុញឱ្យចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបានតាមផែនការគ្រោងទុក ជាពិសេសការសម្រេចឱ្យបានតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជា ជា អធិរាជផលិតដំណាំស្វាយចន្ទី លើពិភពលោក។ បច្ចុប្បន្ន ខេត្តកំពង់ធំមានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន១២កន្លែង មានសមត្ថភាពផលិតគ្រាប់ស្វាយចន្ទីឆៅបាន៧៨តោនក្នុង១ថ្ងៃ និងមានឃ្លាំងស្តុក១១កន្លែង មានលទ្ធភាពអាចស្តុកទុកបាន១៨១៩៥តោនក្នុង១ឆ្នាំ។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមអំពាវនាវដល់ក្រុមហ៊ុនវិនិយោគជប៉ុន និងក្រុមហ៊ុនវិនិយោគបរទេសដទៃទៀត ងាកមកចាប់អារម្មណ៍អំពីសក្ដានុពលនៃដំណាំស្វាយចន្ទីនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តកំពង់ធំ ដែលមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម និងដំណាំកសិ-ឧស្សហកម្មជាច្រើនផ្សេងទៀត។
ចំណែក លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា ដំណាំគ្រាប់ស្វាយចន្ទី គឺជាប្រភេទផលិតផលមួយក្នុងចំណោមផលិតផលកសិកម្មដទៃទៀត ដែលមានសក្តានុពលខ្ពស់របស់កម្ពុជា។ ឆ្នាំ២០២៤ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅប្រមាណជាង៨៧ម៉ឺនតោន ក្នុងនោះមាន៨៥ភាគរយបាននាំចេញទៅក្រៅប្រទេស ដែលរួមមាន៖ប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ឥណ្ឌា និងបង់ក្លាដេស ខណៈកំពង់ធំ គឺជាខេត្តមួយទទួលបានចំណាត់ថ្នាក់លេខ១ទូទាំង២៤ខេត្ត លេខ២បានទៅខេត្តក្រចេះ និងលេខ៣ខេត្តរតនគិរី ខណៈខេត្តទាំង៣នេះមានផ្ទៃដីដុះសរុបប្រមាណជាង៥៥ភាគរយ លើផ្ទៃដីដាំដុះទូទាំងប្រទេស។ ដូច្នេះ ដំណាំកសិ-ឧស្សាហកម្មប្រភេទស្វាយចន្ទីនេះ គឺពិតជាមានសក្តានុពលខ្ពស់ ដែលវិនិយោគិកបរទេសមិនគួរមើលរំលងឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុនមីរ៉ាត់ (Mirarth) បាននាំចេញគ្រាប់ស្វាយចន្ទីចូលទៅក្នុងទីផ្សារសហគមន៍អឺរ៉ុបជាលើកដំបូងរបស់ខ្លួន រហូតដល់ទៅ២៥០តោនក្នុង១ឆ្នាំ និងបន្តដាក់ចេញនូវផែនការអភិវឌ្ឍសមត្ថភាពរោងចក្របន្ថែមទៀត ដោយបង្កើនការនាំចេញឱ្យដល់៣០០០តោន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រទំហំ ២០០០០តោន ក្នុងរយៈពេល៣ឆ្នាំខាងមុខ ហើយបាននិងកំពុងសិក្សាដំណើរការប្រើប្រាស់សំបកគ្រាប់ស្វាយចន្ទី សម្រាប់បង្កើតថាមពលបៃតងផងដែរ៕