ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ
ម៉ិកស៊ិក៖ ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក បានគូសបញ្ជាក់អំពីទង្វើតុល្យភាពដ៏សមស្របមួយ ដោយសង្កត់ធ្ងន់លើតម្រូវការសហការប្រកបដោយភាពច្នៃប្រឌិត និងបត់បែន ជាមួយប្រធានាធិបតីអាម៉េរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ដែលបានសន្យានិរទេសជនចំណាកស្រុករាប់លាននាក់ ចេញពីទឹកដីអាម៉េរិក ខណៈមេដឹកនាំថ្មីរបស់ម៉ិចស៊ិករូបនេះ នឹងជំរុញគោលនយោបាយ«មនុស្សធម៌»។
លោកស្រី ក្លៅឌៀ ស្សេនបូម ដែលទើបចូលកាន់តំណែងកាលពីខែមុន បានប្រាប់សន្និសីទសារព័ត៌មានថា លោកស្រីរំពឹងថា នឹងបង្ហាញមេដឹកនាំសហរដ្ឋអាម៉េរិកជុំវិញសំណើលើការកាត់បន្ថយ ការធ្វើចំណាកស្រុក ខណៈលោកស្រីគាំទ្រចំពោះជនចំណាកស្រុក និងសិទ្ធិជាមនុស្សរបស់ពួកគេ។
ប្រធានាធិបតីស្ត្រីទីមួយរបស់ម៉ិកស៊ិករូបនេះ បានសង្កត់ធ្ងន់លើវោហាសាស្ត្រគាំទ្រជនចំណាកស្រុក ប៉ុន្តែទោះជាយ៉ាងណា លោកស្រីព្យាយាមធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ត្រាំ ក៏ដូចជាប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ដើម្បីពង្រឹងវិធានការនានាក្នុងគោលបំណងបញ្ឈប់ដំណើរជនចំណាកស្រុកទៅដល់ព្រំដែននៃប្រទេសទាំងពីរ។ លោកស្រី ស្សេនបូម បានសង្កត់ធ្ងន់ថា៖«យើងនឹងបង្ហាញជូនដល់ប្រធានាធិបតី ត្រាំ នូវសំណើមនុស្សធម៌មួយ កាត់បន្ថយការធ្វើអន្តោប្រវេសន៍ និងរកមូលហេតុឫសគល់នៃការចាកចេញពីប្រទេសកំណើតរបស់ពួកគេ»។
គួរជម្រាបថា ក្នុងកំលុងពេលយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានសង្កត់ធ្ងន់លើផែនការនិរទេសជនចំណាកស្រុកចេញពីទឹកដីសហរដ្ឋអាម៉េរិកទ្រង់ទ្រាយធំ ខណៈលោកតែងហៅជនចំណាកស្រុកទាំងនោះថាជា«ឧក្រិដ្ឋជន»។
លើសពីនេះ លោក ត្រាំ ក៏បានគំរាមដាក់ពន្ធបន្ថែមលើទំនិញម៉ិកស៊ិក រួមទាំងពីវិស័យផលិតរថយន្ត។ គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក គឺជាទីផ្សារបរទេសដ៏សំខាន់បំផុតរបស់ម៉ិកស៊ិក ខណៈម៉ិកស៊ិកកាលពីឆ្នាំមុន បានវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាគោលដៅកំពូលសម្រាប់ការនាំចេញរបស់សហរដ្ឋអាម៉េរិក៕