វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ផាវ ផារី, លោក ណុប គុជ និងលោកស្រី ពេជ ចរិយា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណី បានដោយជោគជ័យ។
សំណុំរឿងវិវាទនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចបង់ថ្លៃសេវាកម្មក្នុងកិច្ចសន្យាម៉ៅការ តាំងពីឆ្នាំ២០២៣ គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទនេះ ប៉ុន្តែនៅតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕