អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសួនច្បារមុខសាលាខេត្តស្ទឹងត្រែងមានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»។
ពិធីនេះផងដែរមានការអញ្ជើញជាអធិបតីដោយលោក សែម វ៉ាន់សុីម អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត កងកំលាំងទាំងបីលោកលោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង។
នាឱកាសនោះលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានមានប្រសាសថា៖ ទិវាអនាម័យបរិស្ថានជាតិ គឺជាទិវារបស់ជាតិ ដែលបានកំណត់យក ថ្ងៃ ទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ។ សម្រាប់ឆ្នាំ២០២៤នេះក្រោមប្រធានបទ«ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» ការប្រារពទិវានេះក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ទៅដល់សាធារណជន សិស្ស និស្សិត ជាពិសេសជំរុញ ចលនាគាំពារបរិស្ថានការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។ ទិវាអនាម័យបរិស្ថានជាតិនេះ នឹងក្លាយជាចលករមួយជម្រុញឲ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ ដោយមិនចោលពាសវាលពាសកាលតាមទីសាធារណៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពបរិស្ថាន ជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយ និងការបំពុល ដោយថង់ប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាននៅកម្ពុជា ។
ក្នុងឱកាសនោះដែរលោក សែម វ៉ាន់សុីម អភិបាលរងខេត្តបានថ្លែងថា ខេត្តស្ទឹងត្រែង ជាខេត្តដែលកំពុងមានសន្ទុះខ្លាំង ក្នុងការអភិវឌ្ឍន៍ និងវិស័យទេសចរណ៍ជាតិ ហើយខេត្តស្ទឹងត្រែងយើង មិនទាន់មានបញ្ហាប៉ះពាល់បរិស្ថាននៅឡើយទេ ប៉ុន្តែយើងត្រូវចូលរួមគិតគូរ អំពីផលប៉ះពាល់ដែលអាចនឹងកើតឡើងទៅលើបរិស្ថាន ដែលបង្កមកពីសកម្មភាពរបស់យើងសព្វថ្ងៃ។ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ នេះ «ភូមិឋានស្អាតបរិស្ថានបៃតង សង្គមចីរភាព» បានកំណត់ធ្វើនៅលើ ទីតាំងមួយ នៃទីធ្លាសួនច្បារខាងមុខសាលាខេត្ត ដែលស្ថិតក្នុងកណ្តាលនៃក្រុងស្ទឹងត្រែងដ៏ស្រស់ស្អាត របស់យើង ដូចនេះយើងគួរគប្បីចូលរួមទាំងអស់គ្នា ជួយសំអាតអនាម័យ ធានាកុំអោយមានសំរាមរាយ ប៉ាយ នៅបរិវេណជុំវិញខ្លួនរបស់យើង ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន។ ប្រសិនបរិស្ថានយើងស្អាត អាចជួយលើកតម្កើងអោយជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល មានជីវភាពល្អប្រសើរ តាមរយៈ ចំណូលដែលបានមកពីទេសចរណ៍ និងសេវាផ្សេងៗទៀតក្នុងខេត្តស្របតាមការណែនាំរបស់ក្រសួងបរិស្ថាន។
លោក សែម វ៉ាន់សុីម បានមានប្រសាសក្រើនរំលឹក ដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ជាពិសេស និស្សិត សិស្សានុសិស្ស ទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមអោយបានត្រឹមត្រូវជាប្រចាំថ្ងៃ ដើម្បីចូលរួមកាត់បន្ថយនូវផល ប៉ះពាល់បរិស្ថាន ដើម្បីរក្សានូវសោភ័ណភាព មុខមាត់ខេត្តអោយសាកសមជាខេត្ត ដែលទទួលបានពានរង្វាន់រំដួល និងជាខេត្តដែលលេចធ្លោរលើវិស័យទេសចរណ៍ ធនធានធម្មជាតិ ដើម្បីបន្តលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្តរបស់យើង តាមរយៈចំណូលដែលបានមកពីភ្ញៀវ ទេសចរណ៍៕