នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។
ថ្លែងទៅកាន់កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤, នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តជានិរន្តរ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។
ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសបានបន្តចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន លើកទី ១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវបន្តទៀត ។
កិច្ចប្រជុំ នេះមានការចូលរួមពីនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ព្រមទាំងរដ្ឋមន្រ្តីការពារជាតិ ក្នុងប្រទេសអាស៊ាន។
ថ្លែងបើកកិច្ចប្រជុំនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ថា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន បានផ្តល់ឱកាសយ៉ាងល្អដល់ប្រទេសចិន និង អាស៊ានក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ទៅលើវិស័យសន្តិសុខអោយកាន់តែរីកចំរើន។
លោកបានបន្តថាក្នុងរយៈពេលជាង ៣៣ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតដៃគូសន្ទនារវាងអាស៊ាន-ចិន តាំងពីឆ្នាំ ១៩៩១ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនត្រូវបានពង្រឹងទៅលើវិស័យជាច្រើនរួមមានទាំងវិស័យនយោបាយ កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងនោះប្រទេសចិន នៅរក្សាជាដៃគូពាណិជ្ជកម្មធំជាងគេបំផុត របស់អាស៊ាន ចាប់តាំងពីឆ្នាំ២០០៩ ហើយប្រទេសតំបន់អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំ ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ននេះ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ទៀតថា៖ «នៅក្នុងតំបន់ និង ពិភពលោក បានជួបនឹងបញ្ហាប្រឈម បញ្ហាប្រពៃណី និងមិនប្រពៃណីជាច្រើន ដែលបញ្ហាស្មុកស្មាញទាំងនេះ បានផ្តល់ផលប៉ះពាល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
ក្នុងន័យនេះប្រទេសក្នុងអាស៊ានត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ការជឿជាក់ និងយោគយល់គ្នាដោយផ្អែកលើកការសាមគ្គីគ្នា ការជឿទុកចិត្ត និងរក្សាតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីបង្ហាញនូវមាគ៌ានៅក្នុងតំបន់ឱ្យឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ។
លោកបានបញ្ជាក់ថា៖ «អាស៊ាន និងចិនមានទំនាក់ទំនងសហប្រតិបត្តិការជាយូរអង្វែងមកហើយ ហើយក្នុងរយៈពេល ៣៣ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បានបន្តរីកចម្រើនកាន់តែខ្លាំងឡើង។ តាមរយៈលំហាត់សមយុទ្ធរួមគ្នា គំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាព និងអន្តរកម្មយ៉ាងទៀងទាត់ យើងបានសម្រេចជោគជ័យយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាសន្តិសុខរួម និងលើកកម្ពស់ការ កសាងជំនឿទំនុកចិត្ត»។
នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា កម្ពុជាសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដែលបង្កឡើងដោយគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ជាពិសេសតាមរយៈជំនួយដ៏មានតម្លៃរបស់ចិនដល់បណ្តាប្រទេសជាសមាជិកអាស៊ានដែលរងផលប៉ះពាល់មួយចំនួន និងចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC)។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ល្អរបស់ប្រទេសចិនមកដល់កម្ពុជា ក្នុងការធ្វើជាសហប្រធាននៃក្រុមការងារជំនាញកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ (EWG on HMA) សម្រាប់វដ្តឆ្នាំ២០២១-២០២៤។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងក្តីសង្ឃឹមថា ប្រទេសចិននឹងបន្តឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព និងវិបុលភាព ដែលជាកត្តារួមចំណែកឱ្យបានកាន់តែច្រើនឡើងថែមទៀតដល់ការរក្សាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៃតំបន់និងពិភពលោក៕