តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន
បរទេស៖ ការសម្រេចចិត្តរបស់តួកគី ក្នុងការបដិសេធមិនអោយយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលលោក អ៊ីសាក់ ហឺហ្សូក ចូលទៅកាន់ដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរទៅកាន់សន្និសីទអាកាសធាតុ COP29 នៅប្រទេសអាស៊ែបៃហ្សង់ បានបង្ហាញពីភាពតានតឹងដ៏យូរអង្វែងរបស់ប្រទេសជាមួយអ៊ីស្រាអែល លើបញ្ហាប៉ាឡេស្ទីន។
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល បានស្នើសុំការអនុញ្ញាតឱ្យយន្តហោះរបស់លោក ហឺហ្សូក ប្រើប្រាស់ដែនអាកាសតួកគីធ្វើដំណើរទៅកាន់សន្និសីទនៅទីក្រុងបាគូ ប៉ុន្តែអាជ្ញាធរតួកគី បានច្រានចោលសំណើនេះ។
យោងតាមរបាយការណ៍របស់ Times of Israel លោក ហឺហ្សូក បានលុបចោលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃសៅរ៍ដោយសារតែ “ការពិចារណា អំពីសុវត្ថិភាព” ។
ដោយសំដៅទៅលើការបដិសេធនេះ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា “លើបញ្ហាជាក់លាក់ យើងត្រូវប្រកាន់ជំហរ ហើយយើងនឹងបន្តធ្វើដូច្នេះ”។
លោក Baris Doster អ្នកប្រាជ្ញនៅសាកលវិទ្យាល័យ Marmara ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល បានប្រាប់កាសែតស៊ិនហួថា ការបដិសេធរបស់តួកគី មិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ខណៈដែលប្រទេសនេះ បានចេញនូវសេចក្តីថ្លែងការណ៍ ការថ្កោលទោសយ៉ាងតឹងរ៉ឹង និងការរិះគន់ទាក់ទងនឹងសកម្មភាពហឹង្សារបស់អ៊ីស្រាអែល និងអំពើ ឃោរឃៅ របស់ប្រទេសនេះក្នុង តំបន់”៕