នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នាថ្ងៃទី២៣ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងត្រូវបានដាក់បញ្ចូលនៅក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា តាមរយៈការអនុវត្តជំនាញទន់ ឬ Soft Skill ឱ្យមនុស្សចេះធ្វើការជាមួយគ្នាដោយភាពអត់ឱន និងប្រកួតប្រជែងដោយភាពត្រឹមត្រូវ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើមានភាពផ្ទុយគ្នាទេ រវាងទ្រឹស្ដីសាសនា និងវិទ្យាសាស្រ្ដ គឺមិនមានភាពផ្ទុយគ្នានោះទេ ប៉ុន្ដែអ្វីដែលសំខាន់ គឺយើងត្រូវចេះចង់ក្រង និងរៀបចំឱ្យបានត្រឹមត្រូវជាប្រទីបបំភ្លឺផ្លូវសម្រាប់មនុស្សអនុវត្ត។
សម្ដេចធិបតី បន្ថែមថា កំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។ សម្ដេចអំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ សីលធម៌ជាខ្មែរ ៕