សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌ ដោយការ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ ទើបចាប់ផ្ដើម ម្យ៉ាងទៀត រដូវនេះ ជារដូវទឹកឡើង គឺមិនអាចដំណើរការជីកព្រែកនេះទេ ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នាថ្ងៃ២៣ វិច្ឆិកានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ ក្រោយសម្ពោធរួច គឺអ្នកជំនាញត្រូវចុះពិនិត្យ និងកែសម្រួលនៅតាមចំណុចមួយចំនួនឡើងវិញ ឧទាហរណ៍ ក្រោយសម្ពោធហើយ អ្នកជំនាញបានចុះពិនិត្យ ដោយរកឃើញតំបន់ខ្លះប៉ះទួលបុរាណ និងវត្តបុរាណ ហេតុនេះត្រូវកែសម្រួលតម្រាយផ្លូវដែលនឹងត្រូវជីកឡើងវិញ។
សម្ដេចធិបតីបន្ថែមថា អ្នកជំនាញមិនត្រឹមតែពិនិត្យកែសម្រួល លើការងារបច្ចេកទេសប៉ុណ្ណោះនោះទេ គឺត្រូវពិនិត្យលើផលប៉ះពាល់ដល់ពលរដ្ឋនៅតាមតម្រាយផ្លូវ ថែមទៀត។ ក្រោយដោះស្រាយចប់សព្វគ្រប់រួចរាល់ហើយ ក្រុមការងារជំនាញនឹងដាក់គ្រឿងចក្រចុះ ជីកតែម្ដង។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនទាន់បានជីកបន្ត ក្រោយសម្ពោធរួច គឺដោយសារអ្នកជំនាញចុះពិនិត្យ និងកែសម្រួលលើចំណុចមួយចំនួន ព្រមទាំងដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់ មិនមែនមកពីមិនមានថវិកានោះទេ ៕