អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) បានទទួលជួប លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅរាជធានីភ្នំពេញ និងបញ្ជាក់ថា ការជួបគ្នានេះជាឱកាសល្អដែលភាគីទាំងពីរអាចពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ រួមទាំងគម្រោងទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសឡាវ។
នាឱកាសជំនួបនេះ លោកជំទាវ Pany Yathotou បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូឡាវចូលជួបធ្វើគារវកិច្ច។ លោកជំទាវបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ជូន សម្តេចតេជោ និងបានសម្តែងនូវការអបអរសាទរចំពោះកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ។
នៅក្នុងបរិបទនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការចែករំលែករបស់សម្តេចតេជោ នៅក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ អំពីបទពិសោធន៍ និងមេរៀនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
លោកជំទាវ Pany Yathotou បានលើកឡើងដោយឯកភាពចំពោះទស្សនរបស់សម្តេចតេជោថា សន្តិភាព និងការអភិវឌ្ឍ មានទំនាក់ទំនងគ្នាជាសារវ័ន្ត ហើយលោកជំទាវ នឹងដកស្រង់យកបទពិសោធន៍របស់កម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អ និងការអភិវឌ្ឍនៅប្រទេសឡាវ។
ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផល និងការអភិវឌ្ឍដ៏ធំធេងដែលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ដែលនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
លោកជំទាវ ក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល ក៏ដូចជារវាងគណបក្សកាន់អំណាចនៃប្រទេសយើងទាំងពីរផងដែរ។ នៅក្នុងន័យនេះ លោកជំទាវបានថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់ប្រទេសឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងនៅក្នុងគ្រាដែលឡាវប្រឈមទៅនឹងការលំបាក ដូចជាគ្រោះធម្មជាតិជាដើម។
លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលឆ្លុះបង្ហាញឱ្យឃើញតាមរយៈស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងដោយផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំ ស្របទៅតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
នៅក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យប្រទេសទាំងពីរពង្រឹងនូវកិច្ចសហប្រតិបត្តិការដែលមានបច្ចុប្បន្ន និងរិះរកយន្តការថ្មីៗបន្ថែម ដើម្បីបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីរក្សាបានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។
ឆ្លៀតនៅក្នុងឱកាសនោះ លោកជំទាវបានជម្រាបជូន សម្តេចតេជោ អំពីស្ថានភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមឡាវ ព្រមទាំងគោលនយោបាយ និងវិធានការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់មូលដ្ឋានរបស់បក្សបដិវត្តន៍ប្រជាជនឡាវ ក៏ដូចជារបស់រដ្ឋាភិបាលឡាវ ដើម្បីជ្រោមជ្រែងការអភិវឌ្ឍរបស់ប្រជាជន។
ជាការឆ្លើយតប សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខដល់ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) នៅរាជធានីភ្នំពេញ។
សម្តេចតេជោ បានវាយតម្លៃដោយសុទិដ្ឋិនិយមអំពីអាត្រាកំណើនសេដ្ឋកិច្ចរបស់ឡាវ ដែលសម្រេចបាននៅក្នុងស្ថានភាពលំបាក និងជាមួយគ្នានេះ បានសម្តែងនូវការអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលកម្ពុជាបានរួមចំណែកជួយគាំទ្រដល់ភាពជោគជ័យនេះ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលឡាវ ដែលបន្តលក់អគ្គិសនីដល់កម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព និងកំណើនសេដ្ឋកិច្ច។
សម្តេចតេជោ ក៏បានចែករំលែកបន្ថែមអំពីបទពិសោធន៍នៃការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ក៏ដូចជារចនាសម្ព័ន្ធគណបក្ស ដើម្បីរដ្ឋាភិបាល និងបក្សបដិវត្តន៍ប្រជាជនឡាវ អាចដកស្រង់ជាមេរៀន ក្នុងការរៀបចំកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចតេជោ ក៏បានលើកឡើងអំពីភាពជោគជ័យនៃការផ្ទេរអំណាចផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅកម្ពុជា ដែលរក្សាបានទាំងស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ខណៈដែលប្រទេសខ្លះ តែងតែជួបប្រទះនូវអស្ថិរភាពប្រសិនបើមានការផ្លាស់ប្តូរបែបនេះ។
ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) សម្តេចតេជោ បានគូសបញ្ជាក់ថា ថ្វីត្បិតកម្ពុជាបានដកខ្លួនចេញពីក្របខណ្ឌនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងបី នៅតែបន្តមាន តាមរយៈការបន្តពង្រីកកិច្ចសហប្រតិបត្តិការពីលក្ខណៈតំបន់ ទៅជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីតែម្តង។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកអំពីគម្រោងទស្សនកិច្ចទៅប្រទេសឡាវ ក្នុងពេលវេលាសមស្របណាមួយនៅដើមឆ្នាំ២០២៥ ដើម្បីបន្តជំរុញពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ។
ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវ និងគណៈប្រតិភូ ទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា ៕