សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា
ភ្នំពេញ៖ សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកព្រះទ័យ និងលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនាក្នុងសង្គមជាតិឱ្យរឹតតែប្រសើរឡើងបន្ថែមទៀត ព្រោះសាសនា គឺជាប្រភពដ៏សំខាន់នៅក្នុងការរួមចំណែកនៅក្នុងប្រព័ន្ធច្បាប់ ការរក្សាវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ និងគុណតម្លៃក្នុងការរស់នៅរបស់មនុស្សនៅក្នុងសង្គមនីមួយៗ ដែលធ្វើឱ្យផ្នត់គំនិត ឥរិយាបថ និងសកម្មភាពរបស់មនុស្សពោរពេញដោយមេត្តា ករុណា សាមគ្គីភាព មិត្តភាព ភាតរភាព និង សេចក្តីសុខក្សេមក្សាន្ត។
ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំតាមបែបសាសនា ព្រះពុទ្ធសាសនាកាន់តែមានតួនាទីសំខាន់ដើម្បីធានាថា តម្រូវការខាងផ្នែកសម្ភារនៅក្នុងសង្គមនៅតែស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់ សីលធម៌ គុណធម៌ សុជីវធម៌ និងសមធម៌ ហើយបន្ថែមលើនេះការអប់រំតាមបែបព្រះពុទ្ធសាសនាក៏បានចូលរួមចំណែកក្នុងការពន្យល់សង្គមមនុស្សឱ្យមើលឃើញនូវគុណតម្លៃ និងផលប្រយោជន៍នៃការគោរពច្បាប់ ហើយក៏ជាបុណ្យកុសលជួយដល់សង្គមមនុស្សឱ្យមានស្មារតីហ្នឹងន ទទួលបាននូវសុខុដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដោយសម្តេចបានបន្ថែមថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ។
សម្ដេចធិបតីបានគូសបញ្ជាក់ថា វត្តអារាម ព្រះសង្ឃ មណ្ឌលវិបស្សនាធុរៈ និងពុទ្ធិកសិក្សា មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយក៏កំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការកសាងមូលធនមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ និងជាថ្នាលសម្រាប់បណ្តុះនូវបញ្ញាញាណ និងស្មារតីស្នេហាជាតិនៅក្នុងការរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយការអភិវឌ្ឍប្រទេសជាតិប្រកបដោយសមធម៌ និងចីរភាពគឺទាមទារឱ្យមានការអប់រំចំណេះដឹង ជំនាញ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាធម៌ជាការចាំបាច់មិនអាចខ្វះបាន ជាពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ដោយឈរលើស្មារតីនេះប្រទេសមួយចំនួននៅលើពិភពលោក បាននិងកំពុងប្រើប្រាស់ទ្រឹស្តីព្រះពុទ្ធសាសនា ដែលមានលក្ខណៈវិទ្យាសាស្ត្រប្រកបដោយសន្តិភាព អហិង្សា និងស្មារតីបម្រើផលប្រយោជន៍រួមដល់មនុស្សជាតិមកធ្វើជាមធ្យោបាយក្នុងការដឹកនាំ គ្រប់គ្រង ដោះស្រាយនូវវិបត្តិផ្សេងៗនៅក្នុងបរិបទពិភពលោកដែលមានការប្រែប្រួលឆាប់រហ័ស ស្មុគស្មាញ និងគ្រោះថ្នាក់ ៕