លោក Erdogan និងលោក Putin សន្ទនាតាមទូរស័ព្ទអំពីបញ្ហាតំបន់ និងពិភពលោក
បរទេស៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក Erdogan បានឲ្យដឹងថា ភាគីទាំងពីរមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។
ទន្ទឹមនឹងនេះ លោក Erdogan បានសន្យាថា ប្រទេសរបស់លោកនឹងបន្តរួមចំណែកក្នុងដំណើរការសន្តិភាព។
ទួរគីដែលរក្សាទំនាក់ទំនងល្អជាមួយអ៊ុយក្រែន និងរុស្ស៊ី បានដើរតួជាអ្នកសម្រុះសម្រួលរវាងប្រទេសទាំងពីរចាប់តាំងពីជម្លោះរបស់ពួកគេបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។
កាលពីថ្ងៃពុធ លោក Erdogan បានបញ្ជាក់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យទីក្រុងកៀវដាក់ពង្រាយកាំជ្រួចរយៈចម្ងាយឆ្ងាយរបស់ខ្លួនសម្រាប់ការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីគឺជាសកម្មភាពដែលមានបំណងបញ្ឆេះសង្គ្រាម។