សម្តេចធិបតី៖ មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មកទល់បច្ចុប្បន្ននេះ យើងបានបំផ្លាញមីនប្រឆាំងមនុស្សជាង១លានគ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់។ យើងក៏បានបោសសម្អាតមីនលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្តអស់មីន។ ចំនួនជនរងគ្រោះបានធ្លាក់ចុះពីមធ្យមជាង ៤.៣០០នាក់ ក្នុងមួយឆ្នាំក្នុងឆ្នាំ ១៩៩៦ មកតិចជាង ១០០នាក់ ក្នុងមួយឆ្នាំក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។
សម្ដេចធិបតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សម្តេចធិបតីបានថ្លែងថា លើសពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្រ្គោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិត តាមរយៈការអប់រំអំពីហានិភ័យ៕