សម្តេចធិបតី៖ ទឹកដីកម្ពុជា ដែលធ្លាប់ជាវាលមីន ឥឡូវក្លាយទៅជា ដីមានជីជាតិសម្រាប់ធ្វើកសិកម្ម ជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកដីរបស់កម្ពុជា ធ្លាប់ជាវាលមីន ឥឡូវនេះបានក្លាយទៅជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម នគរូបនីយកម្ម និងអភិវឌ្ឍ ហើយបានជួយប្រជាជនរាប់លាននាក់ ចាកចេញពីភាពក្រីក្រ។
នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយគ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លើសពីកិច្ចខិតខំប្រឹងប្រែងបោសសម្អាតគ្រាប់មីន គំនិតផ្តួចផ្តើមជំនួយដល់ជនរងគ្រោះជាច្រើន ក្រោមការសម្របសម្រួលដោយ អាជ្ញាធរគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (CMAA) បានផ្តល់ការស្តារនីតិសម្បទា និងគាំទ្រការធ្វើសមាហរណកម្មឡើងវិញ និងការតស៊ូមតិសម្រាប់អ្នករស់រានមានជីវិត តាមរយៈការអប់រំអំពីហានិភ័យ។
សម្តេចធិបតី បន្ថែមថា សមិទ្ធផលជាច្រើនត្រូវបានកើតឡើង។ សេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ បានរីកសាយភាយដល់តំបន់ដែលត្រូវបានដោះមីន។
សម្តេចធិបតី បានថ្លែងឲ្យដឹងថា ប្រមាណ ៨០% នៃផ្ទៃដីដែលត្រូវបានបោសសម្អាត ត្រូវបានយកទៅប្រើប្រាស់សម្រាប់វិស័យកសិកម្ម ចំណែកនៅផ្ទៃដីនៅសល់ ត្រូវបានប្រើប្រាស់សម្រាប់លំនៅដ្ឋាន និងការអភិវឌ្ឍ រួមមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បង្កើនការតភ្ជាប់ទូទាំងប្រទេស ដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើង រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ប្រទេសកម្ពុជាបានប្រែក្លាយ ប្រវត្តិសាស្ត្រសោកនាដកម្មរបស់ខ្លួន ទៅជាមេរៀនដ៏មានអានុភាព មួយសម្រាប់ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការ ប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន ៕