អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ នៅចុងឆ្នាំនេះ
ភ្នំពេញ៖ ការងារជួសជុលរចនាសម្ពន្ធរបស់រានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ ដែលចាប់ផ្ដើមតាំងតែពីកំឡុងខែមករា រហូតមកដល់ពេលនេះ បានសម្រេចបានប្រមាណ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខនេះ។
លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ បានចំណាយពេលជិត១ឆ្នាំ ដោយត្រូវសិក្សាបន្ថែម និងស្វែងរកបំណែកថ្មនៃបង្កាន់ដៃនាគដើម្បីយកមកជួសជុលឡើងវិញ ដោយសារតែរចនាសម្ពន្ធនៃរានហាលមានសភាពទ្រុឌទ្រោមខ្លាំង ដូចជា សសររបស់រានហាលពុកផុយ ចម្លាក់បង្កាន់ដៃនាគ និងជើងទម្រនាគបានដួលរលំបាក់បែកនៅលើរានហាល និងមួយផ្នែកទៀតជ្រុះធ្លាក់កប់ក្នុងដី ហើយថ្មមួយចំនួនបានចល័តចេញពីទីតាំងដើម និងធ្លាប់ត្រូវបានជួសជុលម្ដងហើយនៅសម័យបារាំង។
លោក ឡុង ណារី បន្ថែមថា ដោយសារតែរចនាសម្ពន្ធរានហាលនេះ មានភាពទ្រុឌទ្រោមខ្លាំង គឺក្រុមការងារត្រូវចំណាយពេលស្វែងរកថ្ម និងប្រមូលបំណែកថ្មទាំងនោះមកផ្គុំរកទីតាំងដើមឡើងវិញ។ ចំណែកថ្មដែលខូចខាតមួយចំនួនក៏ត្រូវជួសជុលពង្រឹង ដោយផ្នែកខ្លះត្រូវប៉ះភ្ជាប់ជាមួយថ្មថ្មី និងផ្នែកខ្លះទៀតដែលបាត់បង់ ឬខូចខាតខ្លាំងត្រូវបន្ថែមថ្មថ្មី ដើម្បីភាពរឹងមាំរបស់រចនាសម្ពន្ធរានហាលនៃប្រាសាទនេះ។
សូមបញ្ជាក់ថា ការជួសជុលរានហាលនៅទិសខាងកើតប៉ែកខាងជើងនៃប្រាសាទបន្ទាយសំរ៉ែ ផ្នែកខាងលិចជណ្ដើរ ក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអាជ្ញាធរជាតិអប្សរា និងស្ថាប័នអាល្លឺម៉ង់ GIZ ក្នុងគោលបំណងបណ្តុះបណ្តាលជំនាញផ្នែកអភិរក្សថ្ម ក្នុងជំនាន់ទី២ ដល់មន្ត្រី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរាចំនួន២០នាក់ សម្រាប់សិក្សារៀនសូត្រ និងអនុវត្តផ្ទាល់ក្នុងការដ្ឋាន ដោយមានការបណ្ដុះបណ្ដាលផ្ទេរចំណេះដឹងពីអ្នកជំនាញជាន់មុនដល់អ្នកបន្តវេនជំនាន់ក្រោយក្នុងកិច្ចការជួសជុល អភិរក្សប្រាសាទក្នុងតំបន់អង្គរ បានកាន់តែប្រសើរឡើង៕