សម្ដេចធិបតី៖ សន្តិភាព និងស្ថិរភាពរបស់កម្ពុជា ផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ សន្តិភាព និង ស្ថិរភាពរបស់កម្ពុជា, ទីតាំងយុទ្ធសាស្រ្តនៅក្នុងអាស៊ាន និង គោលនយោបាយ ដែលគាំទ្រការសម្រួលធុរកិច្ចរបស់កម្ពុជា បានផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្តីពីសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពិតជាទំនុកចិត្តខ្ពស់ដោយដឹងថា ការជួបជុំគ្នារបស់យើងថ្ងៃនេះ នឹងនាំមកនូវលទ្ធផលជាផ្លែផ្កា នៅពេលដែលវត្តមានរបស់អ្នកចូលរួមទាំងអស់ គឺជាការបង្ហាញពីសក្តានុពលដ៏ធំសម្បើមនៃធុរកិច្ច និង កាលានុវត្តភាពវិនិយោគ ដែលនឹងត្រូវបានថែទាំ និង ធ្វើប្រតិបត្តិការនាថ្ងៃនិងឆ្នាំខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុគសម័យដ៏ខ្មៅងងឹតបំផុត នៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា បានបញ្ចប់ជាច្រើនទសវត្សរ៍មកហើយ។ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើវិស័យជាច្រើន រាប់ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ហេដ្ឋារចនាសម្ព័ន្ធទំនើប, និងសេដ្ឋកិច្ចដែលមានសមាហរណកម្ម យ៉ាងពេញលេញនៅក្នុងទីផ្សារក្នុងតំបន់ និង ពិភពលោក ។
សម្តេចធិបតី បានថ្លែងថា «កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និង បច្ចេកវិទ្យាសកលចិន» គឺជាការប្តូរឈ្មោះពី «កិច្ចប្រជុំកំពូលសេដ្ឋកិច្ចចិនពិភពលោក» ។ នេះគឺជាឆ្លុះបញ្ចាំងពីតថភាពមិនអាចប្រកែកបាននៃសម័យកាលរបស់យើង ដែលកំណើនសេដ្ឋកិច្ច ត្រូវតែមានការគាំទ្រពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា ៕