សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ នេះជាចំណុចខុសគ្នាជាមួយ ប្រទេសមួយចំនួនក្នុងតំបន់។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី។
សម្តេចបវរធិបតី បានបន្ថែមថា តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សា ប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន ពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ សម្តេចជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ ។
សម្តេចបវរធិបតី ថ្លែងទៀតថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កម្ពុជា ផ្តល់នូវទីផ្សារដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ។
សម្តេចបវរធិបតីគូសបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់គឺបានន័យថា នេះមិនមែនជាការចូលទៅកាន់ទីផ្សារ ក្នុងស្រុករបស់ប្រទេសកម្ពុជា ដែលមានអ្នកប្រើប្រាស់ ១៦លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលទីផ្សាររួម ដែលមានប្រជាជនរាប់ពាន់លាននាក់។ កម្ពុជា មិនត្រឹមតែផ្តល់ជូនវិនិយោគិន នូវកន្លែងសម្រាប់ការវិនិយោគប៉ុណ្ណោះទេ កម្ពុជា កំពុងតែផ្តល់ជូនពួកគេ នូវសក្តានុពលឆ្ពោះទៅអនាគតរបស់តំបន់នេះ៕