សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឱ្យអស់ទាំងស្រុង នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ វិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់គោលដៅពង្រឹង និងជំរុញក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់។
ជាមួយគ្នានោះសម្ដេចមហាបវរធិបតី ក៏បានលើកឡើងថា ដើម្បីជួយដល់វិស័យអចលនទ្រព្យនៅអំឡុង និងក្រោយវិបត្តិកូវីដ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជាច្រើនក្នុងនោះមានដូចជា ការលើកលែងពន្ធជាច្រើនផ្នែក និងពន្ធប្រថាប់ត្រាជាដើម ៕