សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់គោលដៅពង្រឹង និងជំរុញក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនេះឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងកំណត់ព្រំដីសម្រាប់ឈានទៅពន្លត់ភ្លើងមិនមានភាពច្បាស់លាស់។
ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបន្ថែមថវិកា ១០០លានដុល្លារ ដើម្បីជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចប់នៅក្នុងអាណត្តិទី៧នេះ។
សម្ដេចធិបតី បានប្រកាសថា ខេត្ដកំពង់ចាម បានក្លាយជាខេត្តដំបូងគេ ដែលបានចុះបញ្ជីក្បាលដី ដើម្បីផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានាបានចប់សព្វគ្រប់មុនគេ។
សម្ដេចធិបតីបានបញ្ជាក់ទៀតថា ការជំរុញការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ដើម្បីដោះស្រាយទំនាស់ដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ និងកំណត់ព្រំដីសម្រាប់ឈានទៅពន្លត់ភ្លើង មិនមានភាពច្បាស់លាស់។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានបញ្ជាឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លី ដែលធ្វើឱ្យជម្លោះដីធ្លីបានថយចុះជាលំដាប់ និងពន្លឿនការចេញប័ណ្ណក្បាលដីជូនពលរដ្ឋឱ្យចប់នៅឆ្នាំ២០២៩ខាងមុខ។
សម្តេចធិបតី បានបន្ដថា រយៈពេល ១៥ ខែមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើការច្រើនលើការដោះស្រាយបញ្ហាដីធ្លីនេះ ហើយករណីបញ្ហាដីធ្លីនេះ គឺជាបញ្ហាក្ដៅដែលទាមទារឱ្យមានការដោះស្រាយដោយមានការប្រុងប្រយ័ត្នបំផុត។
សម្តេចធិបតី បានអំពាវនាវដល់ពលរដ្ឋឱ្យជឿទុកចិត្ដមកលើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលមិនបានទុកចោលអំពីការលំបាករបស់ពលរដ្ឋនោះទេ ៕