បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់
ភ្នំពេញ៖ ជនជាតិវៀតណាមប្រុសស្រី២១នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ តាមព្រំដែនអន្តរជាតិបាវិត។
ប្រតិបត្តិការនេះធ្វើឡើង តាមអនុសាសន៍របស់ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន២១នាក់ (ស្រី៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន ក្នុងនោះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញជនបរទេសចំនួន ៥១២លើក ស្មើនឹងជនល្មើសចំនួន២១៥៩នាក់។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ជនបរទេសដែលបានបណ្តេញចេញមាន៣៩សញ្ជាតិ ក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់ ដូចជា លួចឆ្លងដែនដោយខុសច្បាប់ ស្នាក់នៅ និងធ្វើការខុសច្បាប់ ជួញដូរគ្រឿងញៀន ឆបោកតាមប្រព័ន្ធអ៊ីនធឺណែត បើកល្បែងស៊ីសងខុសច្បាប់ ចាប់ជម្រិតមនុស្ស ប្រើប្រាស់អាវុធខុសច្បាប់ និងបង្កគ្រោះថ្នាក់ចរាចរជាដើម៕