ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ
ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងទិវាអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ (CSP) ក្រោមមូលបទ “ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូអាស៊ាន-សាធារណរដ្ឋកូរ៉េក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត” នៅទីក្រុងបាងកក ប្រទេសថៃ។
នៅក្នុងឱកាសនេះ ក្រៅពីសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលទើបតែត្រូចបានបង្កើត ឯកឧត្តមរដ្ឋលេខាធិការក៏បានចែក រំលែកទស្សនៈ អំពីវិធីដែលភាគីទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចច្នៃប្រឌិត ដោយបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការឌីជីថលនិងបច្ចេកវិទ្យា ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) ជាដើម។