ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២
ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃទី២៧ ខែវិច្ឆិកានេះ បានពាំនាំអាវរងារ ដែលជាអំណោយសម្តេចទាំងពីរ ចែកជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង ។
ជារៀងរាល់ឆ្នាំ សម្តេចទាំងពីរតែងផ្តល់នូវអាវភ្លៀង និងអាវរងារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធ។ នេះបានបង្ហាញពីការយកចិត្តទុក្ខដាក់ ការគិតគូរជាប្រចាំពីសុខទុក្ខរបស់បងប្អូន និងក្រុមគ្រួសារកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ សុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាជន។
ឆ្លៀតឱកាសនេះផងដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិតបានណែនាំឱ្យកងកម្លាំងទាំងអស់បន្តពង្រឹងសមត្ថភាព សហការឱ្យបានស្អិតរមួត ជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ៕