អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌
ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកម្ពុជា បានកត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណាច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌ នៅតាមបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក។
ការកត់សម្គាល់បែបនេះរបស់ឯកឧត្តម សុខ ឥសាន បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញធ្វើជាវិគ្មិន ក្នុងវេទិកាភ្នំពេញ លើកទី៣ ក្រោមប្រធានបទ «បដិវត្តន៍ពណ៌និងសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងមានការវិវត្ត:បញ្ហាប្រឈមចំពោះអធិបតេយ្យនិងលទ្ធិប្រជាធិបតេយ្យ» នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅរាជបណ្ឌិតសភាកម្ពុជា។
នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទិដ្ឋភាពនយោបាយពិភពលោកត្រូវបានកំណត់ដោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលនាំមកនូវការផ្លាស់ប្តូរនៅក្នុងអំណាចនយោបាយជាមួយនឹងការលេចឡើងនូវចលនាមហាជនប្រឆាំងនឹងរដ្ឋាភិបាល។ ចំណុចស្នូលនៃរលកចលនានេះ គឺជាអ្វីមួយដែលគេហៅថា «បដិវត្តន៍ពណ៌» ដែលបានកើតឡើងនិងបានកែប្រែទិដ្ឋភាពនយោបាយនៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត រហូតដល់មជ្ឈិមបូព៌ា ដូចជា ទុយណេស៊ី លីប៊ី ស៊ៀរី យ៉េម៉ែន អេហ្ស៊ីប។ល។
ថ្មីៗបំផុតនៅអាស៊ីខាងត្បូង គឺប្រទេសបង់ក្លាដែស ចលនាទាំងនោះជារឿយៗត្រូវបានកំណត់លក្ខណៈដោយការប្រើប្រាស់ពណ៌ ឬនិមិត្តសញ្ញាអ្វីមួយធ្វើជាចំណុចប្រមូលផ្តុំ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលពួកគេយល់ថា ជារដ្ឋាភិបាលផ្តាច់ការឬរដ្ឋាភិបាលពុករលួយ ៕