សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានលោកជំទាវ លីវង្ស ឡាវលី អនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា ឋិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម លោកជំទាវអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ថ្វាយសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិក និកាយនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់នាឱកាសនេះ។
លោកជំទាវ បានទូលថ្វាយអំពីដំណើរបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈ ពេលចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយបានពិនិត្យឃើញស្ថានភាពនៃការ រីកចម្រើននៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។
លោកជំទាវ បានទូលថ្វាយផងដែរ អំពីការអញ្ជើញចូលជួបសម្តែង ការគួរសមជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងជំនួបជាមួយថ្នាក់ដឹកនាំនៃ ព្រះរាជាណាចក្រកម្ពុជាមួយចំនួនទៀត ក្នុងន័យបន្តរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីដ៏ ល្អប្រពៃ និងមានរយៈពេលដ៏យូរលង់រវាងប្រជាជាតិ នៃប្រទេសយើងទាំងពីរកម្ពុជា-ឡាវ។
លោកជំទាវ បានទូលថ្វាយបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិយ៉ាងស្អិតរមួតរវាងក្រសួងផ្ទៃក្នុងនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ សាសនាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដើម្បីជួយឱ្យការងារគ្រប់គ្រងរដ្ឋលើវិស័យ សាសនានៃប្រទេសទាំងពីរកម្ពុជា-ឡាវ កាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវការរីកចម្រើនថ្មីៗ ក្នុងការរួមវិភាគទានពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាប្រយោជន៍រួមរបស់ប្រជានជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ព្រមទាំងរក្សាភាពក្សេមក្សាន្ត ភាពថ្លៃថ្លូរ និងសន្តិភាពសម្រាប់មនុស្ស ជាតិ ដោយបានអនុវត្តការងារទទួលបានលទ្ធផលគួរជាទីមោទកៈ។
ក្នុងឱកាសដ៏ប្រសើរនោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជហឬទ័យរំភើបរីករាយ ចំពោះការរីកចម្រើន នៃទំនាក់ទំនងមិត្តភាពរវាង កម្ពុជា-ឡាវ ក្នុងរយៈពេលដ៏យូរលង់កន្លងមក ដែលប្រជាជននៃប្រទេសយើងទាំងពីរ មានភូមិផងរបង ជាមួយបានរួមសុខរួមទុក្ខជាមួយគ្នា ជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក និងបានបង្កើត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីនាំមកនូវផល ប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។
សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យថ្លែងអំណរគុណ និងចូលរួមអបអរស្វាគមន៍ ចំពោះដំណើរបំពេញទស្សនកិចុ្ចរបស់លោកជំទាវអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ជាទស្សនកិច្ចមួយ នាំមកនូវគុណប្រយោជន៍ ក្នុងការបន្តជំរុញឱ្យចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ពិសេសក្នុងវិស័យសាសនា កាន់តែទទួលបាននៅភាពរីកចំរើន ថ្កុំថ្កើង និងជិតស្និតថែមទៀត ៕