ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ នេះ យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការរៀបចំគោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំវិស័យមុខងារសាធារណៈ ដោយឈរលើឆន្ទៈនៃការធ្វើកំណែទម្រង់វិស័យសាធារណៈ ស្របតាមកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បី បម្រើផលប្រយោជន៍ជូនចំពោះប្រទេសជាតិ និងប្រជាជន។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ ៕