រុស្ស៊ី ព្រមានសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយមីស៊ីល នៅក្នុងប្រទេសជប៉ុន
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ប្រសិនបើសហរដ្ឋអាម៉េរិកដាក់ពង្រាយមីស៊ីលនៅក្នុងប្រទេសជប៉ុន វានឹងគំរាមកំហែងដល់សន្តិសុខរុស្ស៊ី និងជំរុញឱ្យរដ្ឋធានីម៉ូស្គូចាត់វិធានការឆ្លើយតបដើម្បីជាការសងសឹក។
ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុន បានរាយការណ៍ថា ជប៉ុន និងសហរដ្ឋអាម៉េរិក មានបំណងចងក្រងផែនការយោធារួមគ្នាមួយសម្រាប់ភាពអាសន្នដែលអាចកើតឡើងលើកោះតៃវ៉ាន់ ដោយរួមមានការដាក់ពង្រាយមីស៊ីល។ ទីភ្នាក់ងារសារព័ត៌មាននេះ បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់សហរដ្ឋអាម៉េរិក និងជប៉ុន ដែលបានបញ្ជាក់ថា នៅក្រោមផែនការនេះ សហរដ្ឋអាម៉េរិកនឹងដាក់ពង្រាយអង្គភាពមីស៊ីលទៅកាន់កោះ Nansei ក្នុងភាគនិរតីនៃខេត្តកាហ្គូស៊ីម៉ា Kagoshima និងអូគីណាវ៉ា Okinawa របស់ប្រទេសជប៉ុន និងទៅកាន់ប្រទេសហ្វីលីពីន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា (Maria Zakharova) បានចោទប្រកាន់ជប៉ុនថា បំប៉ោងព័ត៌មានអំពីស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការពង្រីកទំនាក់ទំនងយោធាជាមួយសហរដ្ឋអាម៉េរិក។ លោកស្រីថ្លែងថា៖«យើងបានព្រមានម្ដងហើយម្ដងទៀតដល់ភាគីជប៉ុន ប្រសិនបើជាកិច្ចសហប្រតិបត្តិការធ្វើឱ្យមានមីស៊ីលរយៈចម្ងាយមធ្យមរបស់អាម៉េរិក លេចឡើងនៅលើទឹកដីរបស់ខ្លួន វានឹងបង្កការគំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិសុខរបស់ប្រទេសយើង ហើយយើងនឹងបង្ខំចិត្តចាត់វិធានការដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់យើង»។
អ្នកនាំពាក្យក្រសួងការបរទេសដដែល បន្ថែមថា រាជធានីតូក្យូអាចយល់ដឹងពីវិធានការទាំងនោះមានពាក់ព័ន្ធនឹងអ្វីខ្លះ តាមរយៈគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងបោះពុម្ពផ្សាយកាលពីសប្តាហ៍មុន បានបន្ថែមសេណារីយ៉ូដែលរុស្ស៊ីនឹងពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេស លោក ស៊ែហ្គី រីយ៉ាបកូវ បានលើកឡើងថា រុស្ស៊ីនឹងពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យមនៅក្នុងតំបន់អាស៊ី ប្រសិនបើសហរដ្ឋអាម៉េរិកដាក់ពង្រាយមីស៊ីលប្រភេទនេះទៅកាន់ទ្វីបអាស៊ី។ នៅពេលសួរអំពីសេចក្តីថ្លែងការណ៍ លោកស្រី ហ្សាការ៉ូវ៉ា បដិសេធមិនបញ្ជាក់អំពីកន្លែងដែលរុស្ស៊ីអាចដាក់អាវុធបែបនេះ ប៉ុន្តែបានកត់សម្គាល់ថា ពាក់កណ្តាលទឹកដីរបស់ខ្លួន គឺស្ថិតនៅក្នុងអាស៊ី ដូច្នេះ រាល់មីស៊ីលរុស្ស៊ីដែលអាចដាក់ពង្រាយនៅភាគខាងកើតនៃតំបន់ Urals។ លោកស្រីបន្តថា រដ្ឋធានីមូស្គូបានបញ្ជូនសញ្ញាច្បាស់លាស់មួយទៅកាន់សហរដ្ឋអាម៉េរិកថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីនៅតំបន់ផ្សេងៗនៃពិភពលោក។ លោកស្រីនិយាយថា លោកខាងលិចមិនគួរមានការងឿងឆ្ងល់អំពីសក្ដានុពលរបស់រុស្ស៊ី បន្ទាប់ពីខ្លួនបានបាញ់មីស៊ីលរយៈចម្ងាយមធ្យមលឿនជាងសំឡេងថ្មី Oreshnik វាយប្រហារអ៊ុយក្រែនកាលពីសប្តាហ៍មុន។