ឯកឧត្តម ហួត ហាក់៖ សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយលោក Stephen Karpin ប្រធាន Visa ប្រចាំ Asia Pacific និងសហការី នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍ និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន VISA នាពេលកន្លងមក។
ឯកឧត្តមក៏បានជម្រាបលោកប្រធាន Visa ប្រចាំ Asia Pacific និងសហការីថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិត, សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ ដោយទទួលបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងរួមចំណែកប្រមាណជិត១៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារយ៉ាងច្រើន រួមទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនកម្ពុជា៕