សម្តេចធិបតី៖ រដ្ឋបានត្រៀមដីរួចរាល់ហើយសម្រាប់ ផ្តល់ជូនប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដនៅដើមឆ្នាំក្រោយ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋបានត្រៀមដីរួចរាល់ហើយសម្រាប់ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈគម្រោងផ្តល់នេះនឹងចាប់ផ្តើមអនុវត្តពី នៅដើមឆ្នាំក្រោយ។
សម្តេចធិបតីថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចតាមនីតិវិធីច្បាប់ដោយនឹងចែកដី ជូនពលរដ្ឋណាដែលអត់ដីពិតប្រាកដ ខណៈការដាក់ចេញនូវគោលនយោបាយនេះគឺដើម្បីលើកស្ទួយជីវ ភាពរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ទន្ទឹមនិងនោះសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានរំលឹកដល់បងប្អូន ប្រជាពលរដ្ឋកុំស្តាប់តាមការញុះញង់របស់ជនមួយចំនួនតូច ដែលបំផុសបំផុលឲ្យបងប្អូនទៅកាប់ទន្ទ្រានព្រៃ ឬឈួសឆាយដីរដ្ឋខុសច្បាប់ឲ្យសោះ។
ទាក់ទងនឹងករណីដីធ្លីនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំធ្វើយ៉ាងណាពន្លឿនបញ្ចប់ការវាស់វែងដីធ្លីជូនបងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុតរហូតឈានដល់ធ្វើប័ណ្ណកាន់កាប់ត្រឹមត្រូវ និងដើម្បីបញ្ចប់ជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋផងដែរ៕