នាយករដ្ឋមន្ត្រីថៃ និងសិង្ហបុរី ពិភាក្សាលើបញ្ហាសន្តិសុខស្បៀង ថាមពល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ឌីជីថល
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងតាន ស៊ីណាវ៉ាត្រា និងសមភាគីសិង្ហបុរី លោក ឡូរិន វ៉ង បានពិភាក្សាគ្នាលើបញ្ហាសន្តិសុខស្បៀង សន្តិសុខថាមពល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ឌីជីថលក្នុងជំនួបកាលពីថ្ងៃទី២៨វិច្ឆិកាកន្លងទៅ។
នាយករដ្ឋមន្ត្រីសិង្ហបុរី បានធ្វើទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសថៃ បន្ទាប់ពីចូលកាន់តំណែងក្នុងខែឧសភា។ លោក វ៉ង គឺជាប្រមុខរដ្ឋាភិបាលបរទេសដំបូងដែលលោកស្រី ផែថនថាន ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្នុងប្រទេសថៃ។ ដំណើរ ទស្សនកិច្ច នេះ មាន សារសំខាន់ ខ្លាំង សម្រាប់ ប្រទេស ទាំង ពីរ ខណៈ ពួកគេ នឹង ប្រារព្ធ ខួប លើក ទី៦០ នៃ ទំនាក់ទំនង ការទូត នៅ ឆ្នាំ ក្រោយ។ ថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥។ លោក វ៉ង ត្រូវបានស្វាគមន៍ដោយ លោកស្រី ផែថងថាន ហើយប្រមុខរដ្ឋទាំង ២ បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីអាហារូបករណ៍ក្រោយឧត្តមសិក្សាសម្រាប់មន្ត្រីរាជការថៃ។
នៅក្នុងសន្និសីទសារព័ត៌មានរួម លោកស្រី ផែថនថាន បានអបអរសាទរខួបលើកទី៦០ ដោយលើកឡើងថា ដំណើរទស្សនកិច្ចនេះ ផ្តល់នូវឱកាសសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងបន្ថែមទៀត និងផែនការសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។ លោកស្រីបន្តថា ប្រទេសទាំងពីររំពឹងថា នឹងមានការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀតនៅឆ្នាំក្រោយ។ លោកស្រី ផែថងថាន អះអាងថា ប្រទេសថៃ ក៏សង្ឃឹមនឹងស្វាគមន៍ប្រធានាធិបតីសិង្ហបុរីនៅឆ្នាំក្រោយ ហើយថា លោកស្រីមានបំណងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ដើម្បីបន្តអ្វីដែលបានពិភាក្សាជាមួយលោក វ៉ង កាលពីម្សិលមិញ។
កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរផ្តោតលើសន្តិសុខ សន្តិសុខថាមពល សន្តិសុខស្បៀង សេដ្ឋកិច្ចបៃតង ការតភ្ជាប់ឌីជីថល ការវិនិយោគនាពេលអនាគត និងច្រើនទៀត។ ថៃបានបង្ហាញពីការត្រៀមខ្លួន ដើម្បីជួយសិង្ហបុរីក្នុងការជំរុញសន្តិសុខស្បៀងរបស់ខ្លួនតាមរយៈការនាំចេញអង្ករ និងស៊ុតសរីរាង្គ ហើយមេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្ដូរការអប់រំ ដើម្បីបង្កើនជំនាញ និងជំនាញឡើងវិញសម្រាប់កម្មកររៀងៗខ្លួន។
ប្រទេសទាំងពីរ ក៏សង្ឃឹមថា ការបន្តពិគ្រោះយោបល់ក្រៅផ្លូវការនៅបាងកកនៅខែក្រោយ នឹងជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយជម្លោះ។
លោក វ៉ង បាននិយាយថា សិង្ហបុរី និងថៃ គឺជាមិត្តចាស់។ លោកបានបរិយាយថា៖«យើងមានទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំ ហើយស្ថាប័នការពារជាតិរបស់យើង ក៏ទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងផងដែរ។ សិង្ហបុរីសូមថ្លែងអំណរគុណចំពោះប្រទេសថៃ សម្រាប់ការគាំទ្រដ៏យូរអង្វែងរបស់ខ្លួន សម្រាប់ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធសិង្ហបុរីនៅក្នុងប្រទេសថៃ»។
លោកបន្តថា៖«យើងទាំងពីរជាអ្នកត្រួសត្រាយផ្លូវក្នុងហិរញ្ញវត្ថុឌីជីថល។ យើងបានបង្កើតការភ្ជាប់ PayNow-PromptPay នៅឆ្នាំ២០២១ ហើយនោះគឺជាប្រព័ន្ធទូទាត់ឆ្លងប្រទេសភ្លាមៗដំបូងគេបង្អស់របស់ពិភពលោក។ យើងក៏បានដាក់ឱ្យដំណើរការនូវ Depository Receipts Linkage លើកដំបូងនៅក្នុងអាស៊ានរវាងភាគហ៊ុនរបស់យើងផងដែរ»។ លើសពីនេះ លោក វ៉ង បាននិយាយថា ប្រទេសទាំងពីរមានគោលបំណងកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដើម្បីពង្រីកទៅកាន់ផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ៕