គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម និមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤នេះ គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ បាននិមន្តទស្សនកិច្ចនៅប្រាសាទបុរាណខ្មែរចំនួន ៣កន្លែង គឺប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម នៅក្នុងខេត្តសៀមរាប។
ក្នុងដំណើរទស្សនកិច្ចនេះដែរ មានការអញ្ចើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស តំណាងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស , លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប, ក្រុមការងាររបស់ក្រសួងធម្មការ និងសាសនា, ក្រុមការងារមន្ទីរធម្មការ និងសាសនា ខេត្តសៀមរាប ព្រមជាមួយមន្ត្រីអាជ្ញាធរអប្សារាជាច្រើនរូបផងដែរ។
ដោយមានបទបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង, ឧត្តមសេនីយ៍ឯក គង់ ប៊ុនលី បានធ្វើការរៀបចំទទួលគណៈប្រតិភូព្រះសង្ឃខ្មែរក្រោម ប្រកបដោយភាពយកចិត្តទុកដាក់។ ឆ្លៀតនាឱកាសនេះដែរ ឧត្តមសេនីយ៍ឯក បានប្រគេននូវចង្ហាន់ និងភេសជ្ជៈ ដល់ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងគណៈប្រតិភូដែលបានអញ្ជើញចូលរួមផងដែរ។
សូមបញ្ជាក់ថា គណៈប្រតិភូព្រះសង្ឃខ្មែរក្រោម៦អង្គ មកពីខេត្តត្រាវិញ ប្រទេសវៀតណាម បាននិងកំពុងនិមន្តមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះ ព្រះតេជគុណទាំង៦អង្គ បាននិមន្តជួបជាមួយ គណៈសង្ឃកម្ពុជាទាំងពីរគណៈ និងនិមន្តសម្ដែងការគួរសមជាមួយ ថ្នាក់ដឹកនាំមួយចំនួនរួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាពិសេសបាននិមន្តសម្ដែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចទាំងទ្វេរ បានប្រគេនព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិត្យសភាកម្ពុជា និងការជួយកសាងទូកង តាមសំណើរបស់គណៈប្រតិភូព្រះសង្ឃខ្មែរក្រោមផងដែរ៕