មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងឯកឧត្តម ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមបណ្ឌិត អាន់ ចុងជូ (Ahn Jong-Ju) ប្រធានទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងលោក ណាម ហូចេ (Nam Ho-Jae) តំណាងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ។
ពិធីសម្ពោធមជ្ឈមណ្ឌលដែលស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសមាគមនិយោជក និងកម្មករនិយោជិត ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួនជាង ២០០នាក់ ៕