សត្វក្រៀល ឬកុកក្រៀល ត្រូវបានចាត់ទុកជាបក្សីដែលអាចហោះហើរបានខ្ពស់ជាងគេ ហើយមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមបក្សីទាំងអស់
ភ្នំពេញ៖ សត្វក្រៀល ឬកុកក្រៀល ឬក៏កុកទេព (ឈ្មោះជាភាសាអង់គ្លេស Antigone Antigone និងឈ្មោះវិទ្យាសាស្ត្រ Sarus Crane) ត្រូវបានចាត់ទុកជាបក្សីដែលអាចហោះហើរបានខ្ពស់ជាងគេ ហើយជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេក្នុងចំណោមបក្សីទាំងអស់។
ជាទូទៅ សត្វក្រៀលមានកម្ពស់ប្រហែល១.៧៦ ម៉ែត្រ មានទម្ងន់៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង២.៥ម៉ែត្រ។ ពួកវាអាចរស់នៅបានរហូតដល់៨០ឆ្នាំឯណោះ។ សត្វក្រៀលត្រូវបានរកឃើញថាមានរស់នៅតំបន់ឆ្នេរក្នុងភូមិភាគអាស៉ីអាគ្នេយ៍ និងផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌា។ សត្វនេះអាចបង្កកំណើតបានមួយឆ្នាំពេញ លើកលែងតែនៅក្នុងរដូវប្រាំង ដូចជាខែឧសភា និងខែមិថុនា។ បច្ចុប្បន្ន សត្វក្រៀលកំពុងរងការគំរាមកំហែងដល់អាយុជីវិតដោយសារតែមានការបេបាញ់ ការប្រមូលយកស៊ុត និងការបាត់បង់ជម្រក។
ពួកវាដេកឈរ ឬក្រាបស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀកមានពណ៌ប្រផេះស្រាល។
កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ គេពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញី នៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាងអាឈ្មោលបន្តិច ហើយពេលដែលវាស្រែករកគ្នាជាគូ អាឈ្មោលបើកស្លាបឡើងលើ។
សត្វក្រៀលដែលរស់នៅក្នុងភូមិភាគអាស៉ីអាគ្នេយ៍ ត្រូវបានគេរកឃើញថាមានវត្តមាននៅប្រទេសកម្ពុជា និងតំបន់មួយចំនួននៃប្រទេសឡាវនិងវៀតណាម។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជីក្រហម IUCN។ ម្យ៉ាងសត្វក្រៀលពឹងផ្អែកលើតំបន់ដីសើមសម្រាប់ទីជម្រក ដូចជាតំបន់វាលស្មៅធំៗសម្រាប់បង្កកំណើតនៅរដូវវស្សា និងតំបន់វាលភក់សម្រាប់ចិញ្ចឹមជីវិតនៅរដូវប្រាំង។ ឆ្លើយតបនឹងបញ្ហាជីវិតរបស់សត្វក្រៀល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បង្កើតគម្រោងក្នុងឆ្នាំ២០០៦ ដើម្បីអភិរក្សជម្រកសត្វក្រៀល ដោយមានការសហការជាមួយនឹងក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រសិនបើលោកអ្នកចង់ទៅទស្សនាសត្វក្រៀលនេះ លោកអ្នកអាចធ្វើដំណើរទៅកាន់តំបន់អភិរក្សសត្វក្រៀលអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ឬដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ ឬក៏តំបន់ការពារទេសភាពអាថត្រពាំងថ្ម ស្រុកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕