មេដឹកនាំកូរ៉េខាងជើង៖ រុស្ស៉ីមានសិទ្ធិអនុវត្តវិធានការការពារខ្លួន ប្រឆាំងនឹងអ៊ុយក្រែន
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីថាការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន គឺជាលទ្ធផលនៃ ការធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ពីសំណាក់សហរដ្ឋអាមេរិក ហើយរុស្ស៉ីមានសិទ្ធិអនុវត្តវិធានការស្វ័យការពារខ្លួន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកានេះ បានឱ្យដឹងថាលោក គីម បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Andrei Belousov កាលពីថ្ងៃសុក្រ នៅទីក្រុងព្យុងយ៉ាង និងបាននិយាយថាសហរដ្ឋអាមេរិក រួមទាំងលោកខាងលិចបានអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារលើ អាជ្ញាធររុស្ស៉ី ដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលពួកគេបានផ្ដល់ឱ្យ ដូច្នេះរុស្ស៉ីមានសិទ្ធិចាត់វិធានការសកម្មភាពប្រឆាំងសត្រូវ។
KCNA បានដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដែលបានលើកឡើងថា «រដ្ឋាភិបាល DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) កងទ័ព និងប្រជាជន នឹងគាំទ្រដោយឥតងារេដល់គោលនយោបាយរបស់សហព័ន្ធរុស្ស៉ី ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ពីពួកចក្រពត្តិ»។
គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន ក៏បានសន្យាដែរថាកូរ៉េខាងជើងនឹងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយរុស្ស៉ី លើគ្រប់វិស័យទាំងអស់ ក្នុងនោះរួមមាន កិច្ចការយោធានៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលលោក និងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាកាលពីខែមិថុនា ហើយដែលមានរួមបញ្ចូលទាំងកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកផងដែរ៕