ពិតមែនហើយ! ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ហើយបានឈប់បម្រើការងារ នោះប័ណ្ណសមាជិក ប.ស.ស. របស់លោកអ្នកនៅតែអាចបន្តប្រើប្រាស់បាន ដោយគោរពទៅតាមលក្ខខណ្ឌកំណត់មួយចំនួន
ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) បានបញ្ជាក់ថា ប្រសិនបើលោកអ្នកជាសមាជិក ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស. ហើយបានឈប់បម្រើការងារ នោះប័ណ្ណសមាជិក ប.ស.ស. របស់លោកអ្នកនៅតែអាចបន្តប្រើប្រាស់បាន ដោយគោរពទៅតាមលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖
-ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុនរបស់អ្នក បានប្រកាសភាគទានមក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន (ឈប់ធ្វើការ) នោះលោកអ្នកមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន ២ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២) នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ។
-ក្នុងករណីលោកអ្នកបានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទានមក ប.ស.ស. បានយ៉ាងតិចចំនួន ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព ឬសម្រាលកូន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. ជាធម្មតានៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស. ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង៕