ពលរដ្ឋរងផលប៉ះពាល់ ដោយស្រុតច្រាំងព្រែកត្រូវរុះរើផ្ទះ ២៤គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយស្រុតច្រាំងព្រែក ត្រូវរុះរើផ្ទះសរុប ២៤គ្រួសារ រស់នៅ ៣ភូមិ (អន្លង់គគីរ ព្រែកកុយ និង មេសរ) ក្នុងឃុំព្រែកកុយ ស្រុកកងមាស។
គួររំលឹកថា ការប្រែប្រួលអាកាសធាតុ បានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងមានឥទ្ធិពលយ៉ាងធំធេង នៅតាមបណ្តាប្រទេសជាច្រើន ដោយបានឆក់យកអាយុជីវិតមនុស្ស បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្អ សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងរ។ នៅខេត្តកំពង់ចាម ដោយសារឥទ្ធិពលនៃបរិយាកាស ក៏បានបង្កអោយមានផលប៉ះពាល់ជាបន្តបន្ទាប់ ដូចជា គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រុកចំនួន៣ (បាធាយ ជើងព្រៃ ព្រៃឈរ) និងជំនន់ទន្លេមេគង្គ បានបង្កប៉ះពាល់ដល់ស្រុកចំនួន៦ ធ្វើអោយខូចខាតដំណាំស្រូវ ដំណាំពោត ដំណាំរួមផ្សំផ្សេងៗ អស់រាប់សិបពាន់ហិចតា បាក់ច្រាំងជាង ១១គ.ម ផ្លូវថ្នល់ជាង ៣០គ.ម ស្ពាន២ សាលារៀន ១៣កន្លែង វត្តអារាម៧ និងផ្ទះសម្បែងជិត ៣,០០០ខ្នង។ ដោយឡែក នៅស្រុកកងមាស ករណីស្រុតច្រាំង កើតមាននៅ ២ឃុំ គឺ៖ ឃុំសូរគង ស្រុតច្រាំង ប្រវែង ២,០០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ភូមិ ត្រូវបានរដ្ឋបាលឃុំ និង អនុសាខាស្រុក ចុះអន្តរាគមន៍ឆ្លើយតប ១៤គ្រួសារ និង នៅឃុំព្រែកកុយ ស្រុតច្រាំងព្រែកប្រវែង ៨៣០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៣ភូមិ ចំនួន ៣៣ខ្នង ក្នុងនេះ អនុសាខា បានចុះឆ្លើយតបរួចហើយ ចំនួន ៩គ្រួសារ។ ដោយឡែក ២៤គ្រួសារទៀត បានអន្តរាគមន៍រុះរើរួចហើយ ២គ្រួសារ នៅសល់ ២២គ្រួសារ ត្រៀមរុះរើទៅតាំងលំនៅលើទីតាំងថ្មី ដែលធានាសុវត្ថិភាព។
ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងផលប៉ះពាល់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។
ឯកឧត្តមប្រធានគណ:កម្មាធិការសាខាសាខាបាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះមហន្តរាយធម្មជាតិ មិនថា ពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬបាក់ច្រាំង ក៏ដោយត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ជាមួយនោះ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល រៀបចំលំនៅដ្ឋានឡើងវិញ។ ក្នុងការរស់នៅត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “បើស្រឡាញ់ខ្លួន អោយស្ងួនចំណី” តាមរយ:ការកាត់បន្ថយអាហារដែលមានជាតិផ្អែម ប្រៃ ដោយប្រើខ្លាញ់តិច អំបិល ស្ករតិច ហើយហូបបន្លែ ផ្លែឈើស្រស់អោយបានច្រើន ជៀសអោយផុតពីជម្ងឺមិនឆ្លង ដែលកំពុងបង្កអន្តរាយដល់សុខភាពយ៉ាងខ្លាំង។ ទន្ទឹមនេះ ត្រូវពិសារទឹកស្អាត សម្រាកអោយបានគ្រប់គ្រាន់ និង ត្រូវហាត់ប្រាណ ក្នុងមួយថ្ងៃ ហោចណាស់អោយបានពី ២០ ទៅ ៣០នាទី។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ២៤គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ឃីត (មុង ភួយ សារុង ក្រមា) ១សម្រាប់ និងថវិកាចំនួន ១០០,០០០រៀល។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូអមដំណើរ បានអញ្ជើញប្រគេនព្រះចៅអធិការវត្តស្តីអណ្តែត នូវអង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកសុទ្ធ ២កេស និងបច្ច័យចំនួន ២០០,០០០រៀល។ បន្ទាប់មក ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុងវត្តដំបងដែក ហៅ វត្តគងជ័យ (ឃុំព្រែកកុយ) ដែលត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤យួរ, ទឹកសុទ្ធ ២កេស និងបច្ច័យចំនួន ៥លានរៀលផងដែរ ៕