ប្រទេសថៃតវ៉ា ចំពោះការបាញ់ប្រហាររបស់ កងទ័ពជើងទឹកមីយ៉ាន់ម៉ាលើទូកនេសាទថៃ
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យទី ១ ខែធ្នូថា ប្រទេសថៃបានតវ៉ាចំពោះឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការបាញ់ប្រហាររបស់កងទ័ពជើងទឹករបស់មីយ៉ាន់ម៉ាលើទូកនេសាទថៃ បន្ទាប់ពីអ្នកនេសាទម្នាក់បានលង់ទឹកស្លាប់ ២ នាក់បានរងរបួស និងរាប់សិបនាក់ត្រូវបានឃុំខ្លួន។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា
លោកស្រី ផែថងថាន បានសាកសួរការអះអាងដែលថា ទូកនេសាទបានចូលឈ្លានពានក្នុងដែនទឹករបស់មីយ៉ាន់ម៉ា នៅពេលដែលកងទ័ពជើងទឹកមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារលើទូកទាំងនោះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។
ក្រសួងការពារជាតិថៃបានបញ្ជាក់ថា ទូកនេសាទថៃ២ គ្រឿងក្នុងចំណោម១៥គ្រឿងត្រូវរងការបាញ់ប្រហារ នៅពេលពួកគេស្ថិតនៅចម្ងាយ ៧,៤ ទៅ១០,៦គីឡូម៉ែត្រ ក្នុងដែនទឹករបស់មីយ៉ាន់ម៉ា ក្បែរខេត្ត Ranong ភាគខាងត្បូងប្រទេសថៃ។ នៅ ពេលត្រូវបានសាក សួរ ដោយ អ្នក យក ព័ត៌មាន ថា តើ ទូក នេសាទ ថៃ បាន ទន្ទ្រាន ចូល ក្នុង ដែន ទឹក របស់ មីយ៉ាន់ម៉ា ឬ អត់ លោកស្រី ផែថងថាន បាន និយាយ ថា ៖ « វា មិន អាច សន្និដ្ឋាន បាន ទេ តែ យើង មិន គាំទ្រ អំពើ ហិង្សា ទោះ ស្ថិត ក្នុង កាលៈទេសៈ ណា ក៏ដោយ »។
លោកស្រី បាន បន្ថែម ថា ប្រទេស ថៃ កំពុង ស្វែងរក ព័ត៌មាន លម្អិត បន្ថែម ទៀត អំពី ឧបទ្ទវហេតុ នេះ និង ការ ដោះលែង ជនជាតិ ថៃ ៤នាក់ ជា បន្ទាន់ ដែល ស្ថិត ក្នុង ចំណោម អ្នក នេសាទ ចំនួន៣១នាក់ ដែល ត្រូវ បាន ឃុំខ្លួន។ អ្នក នេសាទដែលនៅសល់គឺជាពលរដ្ឋមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមថាំ វិឆាយ៉ាឆៃ (Phumtham Wechayachai) បានឱ្យដឹងថា លិខិតតវ៉ាចំពោះការប្រើប្រាស់កម្លាំងត្រូវបានផ្ញើទៅកាន់ប្រទេសមីយ៉ាន់ម៉ា តាមរយៈយន្តការព្រំដែនក្នុងស្រុក ដោយទាមទារព័ត៌មានលម្អិតច្បាស់លាស់អំពីអ្វីដែលបានកើតឡើង និងការបញ្ជូនទូកថៃ និងនាវិកដែលចាប់បានមកវិញយ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីស សាង៉ាមវង្សា (Maris Sangiampongsa) ក៏បានចេញលិខិតបង្ហាញការព្រួយបារម្ភចំពោះឧបទ្ទវហេតុនេះទៅកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ា ហើយបានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាមកប្រជុំដើម្បីស្វែងរកការបំភ្លឺអំពីអ្វីដែលបានកើតឡើង និងការដោះលែងជនជាតិថៃទាំងបួននាក់ភ្លាមៗ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលរបបយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត៕