រដ្ឋមន្ត្រីអប់រំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នៅសាលាបឋមសិក្សា ជាលាធំ ក្នុងក្រុងរុនតាឯកតេជោសែន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ (AquaTower & AquaSan) នៅសាលាបឋមសិក្សាជាលាធំ ក្នុងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងមានការចូលរួមពី លោក Joseph Ho អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា បេវេរេដ (Cambodia Beverage អភិបាល នៃគណអភិបាលក្រុងរុនតាឯកតេជោសែន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
កម្មវិធីនេះត្រូវរៀបចំឡើង ក្នុងគោលបំណង អប់រំ និងផ្តល់លទ្ធភាពដល់កុមារ សិស្សានុសិស្ស និងសហគមន៍ បានបង្កើនចំណេះដឹង និងផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនអំពីសុវត្ថិភាពទឹក និងអនាម័យ។ បន្ថែមពីនេះ តាមរយៈការស្នើសុំ និងចង្អុលបង្ហាញទីតាំងរបស់ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា និងការសិក្សាវាយតម្លៃរបស់ក្រុមការងារមូលនិធិ Planet Water ជាដៃគូ ប៉មចម្រោះទឹកស្អាត (AquaTower) និងម៉ាស៊ីនអនាម័យ (AquaSan) ចំនួន ១ឈុត នឹងត្រូវបានផ្តល់ជូនដល់ សាលាបឋមសិក្សាជាលាធំ ខេត្តសៀមរាប ដោយមានការថែទាំជាប្រចាំ និងឥតគិតថ្លៃរយៈពេល៤ឆ្នាំ ក៏ដូចជាអមជាមួយនឹងកែវទឹកចំនួនជាង៩០០ ធុងបែងចែកសំរាមចំនួន១ឈុត (សម្រាប់សំរាម៣ប្រភេទ) និងសកម្មភាពដាំដើមឈើផងដែរ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិកូកា-កូឡា ដែលតែងតែបានយកចិត្តទុកដាក់ដល់ការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន តាមរយៈការផ្តល់ប្រព័ន្ធចម្រោះទឹកស្អាត ម៉ាស៊ីនអនាម័យ និងការអប់រំសុខភាពនិងអនាម័យដល់សហគមន៍ដែលខ្វះខាតក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការជាមួយមូលនិធិ Planet Water ដែលបានផ្តល់ជូន (AquaTower និង AquaSan) ដល់សាលាបឋមសិក្សាជាលាធំ តាមរយៈក្រុមហ៊ុន Cambodia Beverage នាពេលនេះ ក៏ដូចជាបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធ និងសហគមន៍ទាំងមូល ឱ្យជួយថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ ឱ្យបានល្អគង់វង្ស និងយូរអង្វែង ក្លាយជាប្រយោជន៏ដល់កូនចៅ និងអ្នកក្រោយៗទៀត។
តាមរបាយការណ៍បានបញ្ជាក់ថា គម្រោងផ្តល់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យនាពេលនេះ ជាគម្រោងទី៥៤ ដែលបន្តផ្តល់ជូនបន្ថែមពីលើប៉មចំនួន៥៣ឈុតនៅទូទាំងប្រទេស គិតចាប់តាំងពីឆ្នាំ២០១៦មក ហើយកំពុងផ្តល់ជាប្រយោជន៍ជូនដល់សិស្សានុសិស្ស និងប្រជាជនប្រមាណ ៩៥,០០០នាក់។ ដោយឡែកខេត្តសៀមរាម ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យនេះ ជាគម្រោងទី៥ ដែលប៉មចំនួន៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចមកហើយ រួមមាន៖ ១). សាលាបឋមសិក្សាស្លែង នៅឆ្នាំ២០១៦ ២). វិទ្យាល័យសំរោងនៅឆ្នាំ២០១៧ ៣). អនុវិទ្យាល័យ ហ៊ុន សែន ស្រះស្រង់ នៅឆ្នាំ២០១៧ ៤). វិទ្យាល័យ ហ៊ុន សែន ព្រះធាតុ នៅឆ្នាំ២០១៩។
សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបន្តគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់មូលនិធិកូកា-កូឡា និងបានលើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន បន្តកិច្ចសហការឱ្យបានល្អជាមួយមូលនិធិកូកា-កូឡា និងជឿជាក់ថា មូលនិធិកូកា-កូឡា នឹងបន្តខិតខំបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់និងកាន់តែសកម្ម សម្រាប់បម្រើផលប្រយោជន៍ជូនដល់សហគមន៍ដែលខ្វះខាតក្នុងប្រទេសកម្ពុជា ឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើគំនិតផ្តួចផ្តើម ពិភពលោកគ្មានសំរាម ការប្រែប្រួលអាកាសធាតុ និងទឹកស្អាត៕