ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកការឧបត្ថម្ភរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ជូនដល់សាលាពលទាហានទី៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា យោធាចារ្យ និង គ្រូគ្រប់គ្រង នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥។
ការឧបត្ថម្ភនេះ ជាការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្ដមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងមេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ សូមមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕