ចិនព្រមានចាត់វិធានការឆ្លើយតប ប្រឆាំងនឹងប្រទេសលីទុយអានី បន្ទាប់ពីមានការបណ្តេញបុគ្គលិកស្ថានទូតចិន ៣នាក់
ប៉េកាំង៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ទី២ ខែធ្នូនេះ បានព្រមានចាត់វិធានការឆ្លើយតប ប្រឆាំងនឹងប្រទេសលីទុយអានី បន្ទាប់ពីមានការបណ្តេញបុគ្គលិកស្ថានទូតចិន ៣នាក់ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរ មិនសូវល្អស្រាប់ ព្រោះតែទំនាក់ទំនងតៃវ៉ាន់ ជាមួយទីក្រុងវីលនីញូស ក៏ដូចជាការសង្ស័យដែលថាកប៉ាល់ចិន ជាប់ពាក់ព័ន្ធក្នុងការបំផ្លាញ ខ្សែកាបសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ចិនថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះសកម្មភាពញុះញង់ និងបង្កហេតុ។ ចិនអំពាវនាវឱ្យលីទុយអាលី បញ្ឈប់ជាបន្ទាន់នូវសកម្មភាព បង្កផលប៉ះពាល់ដល់ អធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន ហើយឈប់បង្កើតផលវិបាកដល់ទំនាក់ទំនងទ្វេភាគី»។
កាលពីសប្តាហ៍មុន ក្រសួងការបរទេសលីទុយអានី បានប្រកាសថា បុគ្គលិកស្ថានទូតចិន ៣នាក់មិន អាចឱ្យស្ថិត នៅក្នុងប្រទេសលីទុយអានីទៀតទេ។ ក្រសួងមិនបានផ្តល់ហេតុផលច្បាស់លាស់ទេ ដោយគ្រាន់តែលើកឡើងពីសកម្មភាព ដែលបំពានលើអនុសញ្ញាទីក្រុងវីយែន និងច្បាប់នៃសាធារណរដ្ឋលីទុយអានី។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវីលនីញូស និងទីក្រុងប៉េកាំងមានភាពតានតឹងរួចទៅហើយ បន្ទាប់ពីលីទុយអានី នៅក្នុងឆ្នាំ ២០២១ អនុញ្ញាតឱ្យតៃវ៉ាន់បើកស្ថានទូតមួយ ដោយប្រើឈ្មោះកោះតៃវ៉ាន់តែម្តង។ ដោយឡែក ខ្សែកាបក្រោមសមុទ្រពីរខ្សែ បានរងការខូចខាតកាលពីខែមុន ក្នុងដែនទឹករបស់ស៊ុយអែត រួមទាំងមួយខ្សែរត់កាត់ក្រោមកោះ Gotland ពីស៊ុយអែត ទៅលីទុយអានី។ មានសង្ស័យថាកប៉ាល់ចិន Yi Peng 3 បានបើកបរឆ្លងកាត់ទីនោះ ពេលខ្សែកាបត្រូវកាត់ផ្តាច់ ហើយចិនក៏បានសហការស៉ើបអង្កេត៕