អភិបាលរងខេត្តស្ទឹងត្រែង ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពជុំវិញខេត្តចូលរួមផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺមិនឆ្លង
ភ្នំពេញ៖ លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងទៅភារកិច្ចបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុងស្រុក និងប្រធាន អនុប្រធានមន្ទីរជុំខេត្តផងដែរ។
ថ្លែងដឹកនាំកិច្ចប្រជុំ លោក ប៉ែន លីណាត បានបង្ហាញការយកចិត្តទុកយ៉ាងខ្លាំលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសពាក់ព័ន្ធនិងបញ្ហាចំណីអាហាររបស់ប្រជាពលរដ្ឋ តាមរយៈការហូបប្រៃខ្លាំង ផ្អែមខ្លាំង ការប្រើប្រាស់ជាតិខ្លាញ់ច្រើន និងការពិសារគ្រឿងស្រវឹងច្រើន ដែលអាចបញ្ហាឲ្យមានបញ្ហាសុខភាព និងអាចកើតជំងឺមិនឆ្លងដែលនាំឲ្យប្រជាពលរដ្ឋរងគ្រោះទាំងសុខភាព បាត់បង់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។
លោក ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថាបច្ចុប្បន្នជំងឺមិនឆ្លងកំពុងជាបញ្ហាប្រឈមក្នុងសុខភាពសាធារណៈ ដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលកំពុងយកចិត្ដទុកដាក់ មានវិធានការអន្ដរគមន៍ ក្នុងការបង្ការ កាត់បន្ថយ និងទប់ស្កាត់ ក្នុងគោលដៅជួយលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទៅ។
លោក អភិបាលរងខេត្តបន្តថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង អាហារមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង គឺមិនមានសុវត្តិភាពនោះទេ ប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនិងអាហារមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង កាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។
លោកបន្ថែមថាដើម្បីអាចឲ្យការកាត់បន្ថយ ការបង្កា ការទប់ស្កាត់ទទួលបានជោគជ័យ ហើយអាចឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្រើនពីបញ្ហាសុខភាព និងយល់ដឹងពីគ្រោះថ្នាក់នៃជំងឺគ្រប់អាជ្ញាធរពាក់ព័ន្ធ អាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចូលរួមទាំងអស់គ្នាផ្សព្វផ្សាយឲ្យបានកាតែទូលំទូលាយឲ្យពលរដ្ឋបានដឹង ដូចជាការចុះផ្នែកសុខាភិបាល និងអាជ្ញាធរក្រុងស្រុកសហការគ្នាចុះអប់រំណែនាំ ឬដាក់ស្លាក ដាក់ផ្ទាំងប៉ាណូ នៅតាមមូលដ្ឋានឲ្យពលរដ្ឋបានឃើញជាដើម៕