សម្ដេចធិបតី បង្ហាញភាពជោគជ័យចំនួន៣ ក្នុងវិស័យពិការភាព ដែលជំរុញកម្ពុជា ឲ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខ ស្មើមាត់ ជាមួយអន្តរជាតិ
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីភាពជោគជ័យចំនួន៣ ដែលបានជំរុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខ ស្មើមាត់ ជាមួយនឹងអន្តរជាតិ ។
តាមរយៈសារលិខិតនាឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងនូវភាពស្ងប់ស្ងែងក្រៃលែង ដោយបានឃើញវិស័យពិការភាពនៅកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់នាឆ្នាំ២០២៣កន្លងមក ជាមួយភាពល្បីរន្ទឺលើឆាកជាតិនិងអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្តចំនួន៣គឺ៖
ទី១- ជោគជ័យក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ទី២- ការរៀបចំ កីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១
និងទី៣- ការរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់ អាស៊ី និងប៉ាស៊ីហ្វិក ស្តីពីការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាបន្ន។
សម្តេចបវរធិបតី បានគូសបញ្ចាក់ថា ជោគជ័យទាំង៣នេះបានជំរុញកម្ពុជា ឱ្យទទួលបានកិត្យានុភាពថ្មីៗបន្ថែមទៀត ស្មើមុខ ស្មើមាត់ ជាមួយនឹងអន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំង អំពីសក្ដានុពល និងវឌ្ឍនភាពការវិវត្តវិស័យពិការភាពនៅកម្ពុជា មិនចាញ់បណ្តាប្រទេសនានានៅក្នុងតំបន់ និងអន្តរជាតិឡើយ ៕