សម្ដេចតេជោ៖ ចិនបានផ្ដល់នូវការគាំទ្រ និងជំនួយមិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ប៉ុន្តែបានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ចិនបានផ្ដល់នូវការគាំទ្រ និងជំនួយមិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។
សម្ដេចបានបញ្ជាក់បែបនេះក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
នាក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេច ពិតជារីករាយដែលបានជួបឯកឧត្តមសាជាថ្មីម្ដងទៀត។
សម្ដេចតេជោបន្តថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។
សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយរបស់កម្ពុជាហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។ មិត្តចិនបានផ្ដល់នូវការគាំទ្រ និងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំនៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។
សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។
ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់៕