ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន៖ សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន
ភ្នំពេញ៖ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានបញ្ជាក់ថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។
ឯកឧត្តម វ៉ាង ហ៊ូនីងបានបញ្ជាក់បែបនេះក្នុងជំនួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តម Wang Huning បានកោតសរសើរសម្តេចតេជោដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុបដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។
ឯកឧត្តម បានកោតសរសើរចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយបញ្ជាក់ថា ចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរហើយប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិនមកកម្ពុជាបន្ថែមទៀត។
ឯកឧត្តម Wang Huning ក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេចរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញឯកឧត្តម Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដើម្បី ឯកឧត្តមអាចឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ ឯកឧត្តមកាលពីឆ្នាំ២០១៦ និង ជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លា បន្ថែមទៀត។
ឯកឧត្តម Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យមើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ។ ជាចុងក្រោយ ឯកឧត្តម ក៏បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវភាពជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ៕