ឯកឧត្តម រស់ វណ្ណា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ដីអំពីបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៣ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា ជាមួយក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក (WB) ដែលដឹកនាំដោយ លោកស្រី Katelijn van den Berg អ្នកឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងារបេសកកម្ម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញនៃអង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ ក្រុមការងាររបស់ធនាគារពិភពលោក និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០២ ខែធ្នូ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជា របស់អង្គភាពគ្រប់គ្រងគម្រោងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងចាប់តាំងពីបេសកកម្មបច្ចេកទេសលើកទី២ ក្នុងខែមិថុនា-កក្កដា ឆ្នាំ២០២៤ កន្លងមក និងធ្វើការពិនិត្យឡើងវិញទាក់ទងនឹងការងារលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការវាយតម្លៃបរិស្ថាន និងសង្គមផងដែរ ក្នុងការពិនិត្យស្ថានភាពនៃការរៀបចំទីតាំងសម្រាប់សាងសង់ទីលានទុកដាក់សំរាមនៅខេត្តគោលដៅទាំង០៣ រួមមាន៖ ខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ៕