ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលវាយតម្លៃគម្រោង WAT4CAM-Phase1 របស់ក្រុមបេសកកម្មនៃសហភាពអឺរ៉ុប
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM-Phase1 ក្នុងនាមតំណាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មវាយតម្លៃគម្រោងកម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជាជំហានទី១ (WAT4CAM-Phase1) ជាមួយក្រុមបេសកកម្មសហភាពអឺរ៉ុប (EU ROM Mission)។
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីក្រុមបេសកកម្មសហភាពអឺរ៉ុប តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងទីប្រឹក្សាបច្ចេកទេស ព្រមទាំងប្រធាន និងសមាជិកក្រុមការងារគ្រប់គ្រងគម្រោង (PMU) នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តគោលដៅរបស់កម្មវិធី។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងបូកសរុបលទ្ធផលបេសកកម្ម និងពិភាក្សាការងារមួយចំនួនអំពីវឌ្ឍនភាពការងារគម្រោង និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ជាពិសេសរបកគំឃើញនិងអនុសាសន៍មួយចំនួនដែលនឹងជួយឱ្យការអនុវត្តកម្មវិធីកាន់តែមានភាពរលូន៕