អូស្ត្រាលី សហការជាមួយកម្ពុជា រៀបចំសន្និសីទ និងពិព័រណ៌ទឹកស្អាតកម្ពុជាលើកទី៥ ដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតមកពីប្រទេសអូស្ត្រាលី និងកម្ពុជា បានជួបជុំគ្នានៅក្នុង “សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥” ក្រោមប្រធានបទ៖ ទឹកសម្រាប់និរន្តរភាពអនាគត។ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីអបអរសមិទ្ធផលក្នុងវិស័យទឹកស្អាតនៅកម្ពុជា និងស្វែងរកដំណោះស្រាយនវានុវត្តន៍ សម្រាប់ការគ្រប់គ្រងវិស័យនេះប្រកបដោយនិរន្តរភាព។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើជាអធិបតីក្នុងពីធីបើកសន្និសីទ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញក្នុងវិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងប្រតិភូធុរកិច្ចមកពីប្រទេសអូស្ត្រាលី។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖“សន្និសីទនេះផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈម, ជំរុញកិច្ចសហការ, និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីទឹកស្អាត, ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់កម្ពុជា ពោលគឺសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគប្រកបដោយសុវត្ថិភាព និងថ្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ និងជាពិសេសប្រតិបត្តិករទឹកស្អាតឯកជន ដែលត្រូវបំពេញកាតព្វកិច្ចអាជ្ញាបណ្ណរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាការផ្តល់សេវាទឹកស្អាតដែលបំពេញតាមលក្ខខណ្ឌទាំងបួនគឺ៖ ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ៕